ព័ត៌មានជាតិ

សមត្ថកិច្ចនឹងប្រើវិធានការក្តៅ ពិន័យម្ចាស់រថយន្ត មិនគោរពច្បាប់ចរាចរណ៍ ដល់ផ្ទះ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមាន និងក្រើនរំលឹកឲ្យប្រជាពលរដ្ឋ បានដឹងជាមុនថា នៅពេលខាងមុខ សមត្ថកិច្ចនឹងចុះទៅចាប់ ពិន័យម្ចាស់រថយន្ត ណាដែលបើកបរល្មើសភ្លើងស្តុប និងស្លាកសញ្ញាចរាចណ៍ ទៅដល់ផ្ទះតែម្តង ។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល១០ខែ នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ថា សមត្ថកិច្ចបានរៀបចំ កាមេរ៉ាសុវត្ថិភាព ដាក់តាមស្តុបទាំងអស់ ក្នុងរាជធានីភ្នំពេញ ជាបណ្ដើរៗហើយ ។

លោកឲ្យដឹងថា សមត្ថកិច្ចនឹងចុះទៅចាប់ រថយន្តណាដែលមិនគោរពច្បាប់ ចរាចរណ៍ដូចជា រថយន្តមិនគោរពភ្លើង ស្តុបក្រហម រថយន្តចតកន្លែងហាមឃាត់ជាដើម ព្រោះតាមភ្លើងស្តុប មានបំពាក់កាមេរ៉ាសុវត្ថិ ដោយថតស្លាកលេខ រថយន្តរួចហើយ នឹងយកទៅស្គែនដើម្បីឆែករកឈ្មោះម្ចាស់រថយន្ត ហើយសមត្ថកិច្ចនឹងចុះ ទៅពិន័យដល់ផ្ទះតែម្តង ។

លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់ថា «ឥឡូវនេះ ការបំពាក់ឧបករណ៍ កាមេរ៉ា នៅភ្នំពេញបាន ល្អណាស់ ព្រោះមានការសម្រួល បច្ចេកទេសរួចហើយ ។ នៅពេលខាងមុខនេះ មានការឈានដល់ពិន័យតាមរយៈកាមេរ៉ានេះ ចំពោះអ្នកមិនគោរពភ្លើង សញ្ញាតាមដងផ្លូវភ្លើងស្តុប ។ យើងថតយកលេខយានយន្តបាន យើងនឹងស្រាវជ្រាវ រកអត្តសញ្ញាណដល់ផ្ទះ ហើយចេញប័ណ្ណពិន័យតែម្តង» ។

លោក ហ៊ឹម យ៉ាន ក៏បានលើកឡើងថា ពេលចាប់បានយានយន្តមិនគោរពច្បាប់ នឹងធ្វើការផ្សព្វផ្សាយ តាមបណ្តាញសង្គមនូវស្លាកលេខ ដើម្បីឲ្យមហាជនរិះគន់ផងដែរ។ ការធ្វើបែបនេះ ដើម្បីពញ្ញាក់ស្មារតីដល់មនុស្សទូទៅឲ្យចេះខ្មាសអៀន និងគោរពច្បាប់ឡើងវិញ ។

ពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍វិញ លោក ហ៊ឹម យ៉ាន អះអាងថា បច្ចុប្បន្នមានប្រតិកម្មពី មហាជននៅតាមបណ្តាញសង្គម គឺមានសន្ទុះខ្លាំង ទោះបីជាសមត្ថកិច្ច មិនដឹងពីមូលហេតុ ក៏បណ្តាញសង្គមរកឃើញ ។ ក្នុងនោះ មានផេកថ្មីៗដែលទើបបានបង្កើត ដោយបង្ហោះយ៉ាងព្រោងព្រាត រហូតធ្វើឲ្យសមត្ថកិច្ចស្រាវជ្រាវ ឃាត់ជនល្មើសផងដែរ ។

លោកបន្ថែមថា បច្ចុប្បន្នស្មារតី ពលរដ្ឋធ្វើដំណើរតាមផ្លូវ ខ្លាចនគរបាលជាងខ្លាចច្បាប់ ។ ជាមួយគ្នានេះទោះបីពលរដ្ឋ ក៏ពិតមែន តែសមត្ថភាពមន្ត្រីអនុវត្តច្បាប់ នៅមានកម្រិត និងគុណភាព ការងារមិនទាន់ឆ្លើយតប នឹងតម្រូវដោយសារខ្វះ មធ្យោបាយ សំភារៈប្រើប្រាស់ និងការគ្រប់គ្រងមធ្យោបាយ នៅមានចន្លោះប្រហោង ដោយមិនអាចរកឃើញ ម្ចាស់យានយន្ត តាមរយៈទិន្នន័យដែល ចុះបញ្ជី ការផ្ទេរកម្មសិទ្ធិ ឬការផ្លាស់ប្តូរទីលំនៅ ៕

ដោយ ស សំណាង

To Top