នយោបាយ

កម្ពុជា ភ្ញាក់ផ្អើល ការចោទប្រកាន់ និងដាក់ទណ្ឌកម្ម លើពលរដ្ឋខ្មែរ ពីស្ថាប័ន ហិរញ្ញវត្ថុ អាមេរិក ហើយនឹងស្វែងរកពិត

ភ្នំពេញ ៖ ក្រោយស្ថាប័នហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម ទៅលើប្រជាពលរដ្ឋខ្មែរ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា មានការភ្ញាក់ផ្អើលជាខ្លាំង ហើយសន្យាថា នឹងស្វះស្វែងរកការពិត អំពីការដាក់ទណ្ឌកម្មនេះ ។

យោងតាមការ ចេញផ្សាយ របស់ VOA នារាត្រីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩បានឲ្យដឹងថា “ក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចដាក់ទណ្ឌកម្ម សេដ្ឋីកម្ពុជាម្នាក់ និងមន្ត្រីយោធាជាន់ខ្ពស់ កម្ពុជាម្នាក់ព្រមទាំងក្រុមគ្រួសារ ដោយចោទប្រកាន់ថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និង ប្រព្រឹត្តអំពើពុករលួយ” ។

VOA បន្តថា “ តាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងហិរញ្ញវត្ថុអាមេរិក បានរៀបរាប់ថា ឧកញ៉ា ទ្រី ភាព បានប្រើប្រាស់បណ្តាញដ៏ធំ របស់គាត់នៅកម្ពុជា ដើម្បីបង្កើតក្រុមហ៊ុន ឈើហ៊ុនខុសច្បាប់ ដ៏ធំដោយឃុបឃិត ជាមួយនឹងមន្ត្រីកម្ពុជា ក្នុងនោះ មានការទិញការ ការពារ ពីរដ្ឋាភិបាល ដែលមានក្រុមយោធាជាដើម ដើម្បីការពារ សកម្មភាពលក់ដូរ ផលិតផលខុសច្បាប់‍ ។ ចំណែក នាយឧត្តមសេនីយ៍ គន់ គីម បានប្រើប្រាស់កងកម្លាំង ខេមរភូមិន្ទ ទៅគំរាមកំហែង កម្ទេចផ្ទះ និងឈូសឆាយដី តាមការចង់បានរបស់ក្រុមហ៊ុនចិន” ។

លោក ផៃ ស៊ីផាន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ថា មានការភ្ញាក់ផ្អើលមួយ នៅពេលដែលលោកទទួលបានព័ត៌មាន ផ្សព្វផ្សាយជាសាធារណៈ អំពីការចោទប្រកាន់ និងដាក់ទណ្ឌកម្មក្នុងលក្ខណៈឯកតោភាគី ពីស្ថាប័នហិរញ្ញវត្ថុ របស់រដ្ឋអាមេរិក មកលើប្រជាពលរដ្ឋខ្មែរ ។

លោកបន្ដថា “នៅក្នុងកាតព្វកិច្ច របស់រាជរដ្ឋាភិបាល គឺតម្រូវតាមច្បាប់ក្នុងការស្វែងរកការពិត និងដោះបន្ទុក ក្នុងកិច្ចការពារប្រកបដោយយុត្តិធម៌ និងសុចរិតភាព សម្រាប់ប្រជាពលរដ្ឋខ្មែរនោះ ដែលលោកទទួលរងការចោទប្រកាន់នេះ” ។

ជាងនេះទៅទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាលអះអាងថា ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-អាមរិក គឺល្អជាមួយគ្នា មិនមានអ្វីប៉ះពាល់ទេ ហើយនៅតែបន្តក្នុងភាពស្វាហាប់ និងបរិបទគោរពគ្នាទៅវិញទៅមក ក្នុងន័យប្រជាជាតិធិបតេយ្យ ។

អ្នកនាំពាក្យបន្ថែមថា ទំនាក់ទំនងល្អរវាងប្រជាជាតិទាំងពីរនេះ ក៏អាចជាលទ្ធភាពមួយក្នុងចំណោមដទៃទៀត ក្នុងកិច្ចសហប្រតិបត្តិការ ការងារ នៃការផ្តល់យុត្តិធម៌ និងសុចរិតភាពជូនប្រជាពលរដ្ឋខ្មែរ ដែលទទួលរងការចោទប្រកាន់បែបនេះ។ អ្នកនាំពាក្យថា បែបបទ និងនីតិវិធី ដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដែលទទួលរងនូវការចោទប្រកាន់នោះ គឺប្រព័ន្ធ និងការងារយុត្តិធម៌នៅអាមេរិក៕
ដោយ ៖ អេង ប៊ូឆេង

To Top