ព័ត៌មានជាតិ

កម្ពុជា-អារ៉ាប់រួម នឹងចុះអនុស្សារណៈ លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាពេលឆាប់ៗខាងមុខ

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់រួម នឹងចុះអនុស្សារណៈ នៃការយោគយល់គ្នា លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាពេលឆាប់ៗខាងមុខ ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យនេះ និងត្រៀមបញ្ជូន-ទទួលពលករកម្ពុជា ឱ្យទៅធ្វើការនៅអារ៉ាប់រួម ខណៈមានការអះអាងថា បច្ចុប្បន្នការរស់នៅ និងការប្រកបការងារក្នុងប្រទេសនេះ កំពុងមានសុខដុមនីយកម្មយ៉ាងល្អប្រសើរ។

ការអះអាងយ៉ាងដូច្នេះ ត្រូវបានលើកឡើង នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Saif Abdulla Mohammed Khalfan Alshamisi (សាអីហ្វ អាប់ឌុលឡា មហាម៉េដ ខាល់ហ្វាន អាល់ស្ហាមីស៊ី) ឯកអគ្គរដ្ឋទូតអារ៉ាប់រួម ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។

នៅមុនជំនួបពិភាក្សាខាងលើនេះ សេចក្ដីព្រាងអនុស្សារណៈ នៃការយោគយល់គ្នា លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយ ត្រូវបានបញ្ជូនពីខាងភាគីអារ៉ាប់រួម មកកាន់ភាគីកម្ពុជារួចមកហើយ ហើយបច្ចុប្បន្នក្រុមការងារជំនាញ របស់ភាគីកម្ពុជា ក៏កំពុងរួមគ្នាត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ផងដែរ។

លោក អ៊ិត សំហេង បានសម្ដែងការពេញចិត្ត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់រួម ហើយក៏បានបង្ហាញការស្វាគមន៍ ចំពោះកិច្ចខិតខំប្រឹងប្រែង លើការជំរុញឱ្យមានអនុស្សរណៈ នៃការយោគយល់គ្នាថ្មីនេះ ដែលកំពុងដំណើរការយ៉ាងល្អ។

លោករដ្ឋមន្ត្រីបានបន្តថា នៅពេលអនុស្សរណៈ ត្រូវបានចុះហត្ថលេខារួចរាល់ វាជាការផ្ដល់ឱកាសថ្មីបន្ថែមទៀត ដល់ប្រជាពលរដ្ឋកម្ពុជា ដែលចង់ស្វែងរកការងារ ធ្វើនៅក្រៅប្រទេស និងទទួលបានប្រាក់ចំណូលខ្ពស់។ នៅក្នុងប្រទេសកម្ពុជា ក៏សម្បូរការងារធ្វើ ហើយកន្លែងខ្លះ ក៏ខ្វះកម្លាំងពលកម្មទៅទៀត ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅតែផ្ដល់ឱកាស និងស្វែងរកការងារនៅក្រៅប្រទេស សម្រាប់ប្រជាពលរដ្ឋបន្ថែមទៀតដែរ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា តាមរយៈការចេញទៅធ្វើការក្រៅប្រទេសនេះ បានជួយអោយពលករ ទទួលបានប្រាក់ចំណូលថែម ទាំងទទួលបានបទពិសោធន៍ ជំនាញវិជ្ជាជីវៈទៀតផង។

លោកឯកអគ្គរដ្ឋទូតអារ៉ាប់រួម Abdulla Mohammed បានអះអាងថា នៅប្រទេសអារ៉ាប់រួម មានប្រជាជនរស់នៅយ៉ាងច្រើន ក្នុងនោះមានប្រមាណ ២០០សញ្ជាតិ ដែលកំពុងរស់នៅ ប្រកបការងារ អាជីវកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ក្នុងប្រទេសនេះ ប្រកបដោយសុខដុមនីយកម្ម។
មិនតែប៉ុណ្ណោះ នៅឆ្នាំ២០១៩នេះ រដ្ឋាភិបាលអារ៉ាប់រួម ក៏បានដាក់ចេញ គោលនយោបាយគាំពារសិទ្ធិ សេរីភាព និងផលប្រយោជន៍ របស់ប្រជាជនដែលរស់នៅ ប្រកបការងារ អាជីវកម្ម និងធ្វើពាណិជ្ជកម្មក្នុងប្រទេសខ្លួនផងដែរ ដើម្បីធ្វើឱ្យការរស់នៅក្នុងប្រទេសនេះ កាន់តែមានភាពសុខសាន្ត។

លោក Abdulla Mohammed បានបង្ហាញគោលបំណង ចង់ឱ្យអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងអារ៉ាប់រួម ឈានទៅរកការចុះហត្ថលេខា ឱ្យបានឆាប់រហ័ស។

សូមជម្រាបថា បច្ចុប្បន្នមិនទាន់មានពលករកម្ពុជា ទៅធ្វើការនៅប្រទេសអារ៉ាប់រួម តាមរយៈក្រុម ហ៊ុនដែលទទួលសិទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអារ៉ាប់រួមនៅឡើយទេ ប៉ុន្តែអាចមានពលករកម្ពុជាមួយចំនួន បានទៅធ្វើការនៅទីនោះ ដោយខ្លួនឯង៕

To Top