ព័ត៌មានជាតិ

ក្នុងពិព័រណ៍សៀវភៅលើកទី៨ រដ្ឋមន្រ្តីអប់រំ អំពាវនាវយុវជន ចូលរួមអានឲ្យច្រើនបង្កើនចំណេះ

ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវ ទៅដល់យុវជនកម្ពុជាទាំងអស់ ត្រូវចូលរួមអានសៀវភៅ ឲ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង ព្រោះជាប្រទីបបំភ្លឺផ្លូវ នាពេលខាងមុខ ។

ក្នុងពិធីសម្ពោធពិព័រណ៍សៀវភៅ ថ្នាក់ជាតិលើកទី៨ ក្រោមប្រធានបទ “ផ្ដើមក្ដីស្រមៃ ដៃកាន់សៀវភៅ” នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ លោក ហង់ ជួនណារ៉ុន បានថ្លែងថា ការអានសៀវភៅច្រើន ដើម្បីបង្កើតជាទីផ្សារដ៏ទូលំទូលាយ។

លោកមានប្រសាសន៍ថា “សូមអំពាវនាវឲ្យយុវជនយើង អានឲ្យបានច្រើន ដើម្បីបង្កើនចំណេះ ហើយដើម្បីយកចំណេះហ្នឹង សម្រាប់ជាប្រទីបបំភ្លឺផ្លូវ ក្នុងអាជីព នៅថ្ងៃមុខ”។

ចំណែក លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានយល់ឃើញដែរថា ការអានសៀវភៅច្រើនកាលណា គឺល្អបំផុត ដូច្នេះ ការអានសៀវភៅ មាន២របៀប ដូចជា អានដើម្បីស្រាវជ្រៅ និងអានដើម្បីកម្សាន្ដ ។

សម្រាប់ពិព័រណ៍សៀវភៅឆ្នាំនេះ អ្នករៀបចំកម្មវិធីបានបង្ហាញក្តីរំពឹងថា នឹងមានអ្នកចូលរួមទស្សនា ប្រមាណជា១០ម៉ឺននាក់។ ពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី៨ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ធ្នូ នៅបណ្ណាល័យជាតិ ក្នុងទីក្រុងភ្នំពេញ ។ អ្នកបោះពុម្ពផ្សាយសៀវភៅ និងអ្នកនិពន្ធរាប់រយនាក់ បាននាំយកសៀវភៅរាប់ពាន់ចំណងជើង ទៅតាំងបង្ហាញនិងដាក់លក់ផងដែរ៕ ដោយ ៖ អេង ប៊ូឆេង

To Top