ភ្នំពេញ៖ ឆ្លើយតបជាមួយ អ្នកសារព័ត៌មាន ជុំវិញបញ្ហាការបិទល្បែងអនឡាញ ក៏ដូចជាការសម្រុកចេញ ពីសំណាក់ភ្ញៀវទេសចរ និងអ្នកវិនិយោគចិន នៅខេត្តព្រះសីហនុ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ទាំងការសម្រុកមកនិងចេញទៅវិញរបស់វិនិយោគិនចិន នៅខេត្តព្រះសីហនុ បណ្ដាលឲ្យ រាជរដ្ឋាភិបាល រងសម្ពាធដូចគ្នា ។
ការរងសម្ពាធ ដែលសម្ដេច បានលើកឡើងនេះគឺសំដៅទៅលើ ការគ្រប់គ្រងសន្តិសុខ នឹងការអភិវឌ្ឍន៍ នៅខេត្តព្រះសីហនុ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ ពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្តីពី មុខងារ និងរចនាសម្ព័ន្ធ របស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា “ខ្ញុំក៏មិនទាន់ហ៊ានវាយតម្លៃថាយ៉ាងម៉េចទេ ប៉ុន្តែ គ្រាន់ថា កាលដែលជនបរទេសជាពិសេសជនជាតិចិន មកច្រើន ក៏រាជរដ្ឋាភិបាលទទូលរងសម្ពាធ ហើយពេលចិនចេញទៅវិញ ក៏រាជរដ្ឋាភិបាលរងសម្ពាធដែរ”។
សម្ដេចគូសបញ្ជាក់ថា “ប៉ុន្តែឥលូវនេះយើង កំពុងខិតខំរកវិធី ធ្វើយ៉ាងណា ដើម្បីគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ នឹងការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ”។
សូមរំលឹកថា រាជរដ្ឋាភិបាលបានសម្រេចឈប់ផ្ដល់អាជ្ញាប័ណ្ណ សម្រាប់អាជីវកម្ម បើកល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិក និងតាមអ៊ីនធឺណែត ទាំងក្នុងនិងក្រៅប្រទេស ចាប់ពី ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០ ១៩ ដោយលើកហេតុផលថាអាជីវកម្ម ប្រភេទនេះ បាន ជួយផ្ដល់ឱកាស ឲ្យជនបរទេស ក្នុងការលាក់ខ្លួន ធ្វើ សកម្មភាពបទល្មើសជំរិតទារប្រាក់ពី ជនរងគ្រោះ ៕