ភ្នំពេញ ៖ លោកស្រី ខាម៉ិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានថ្លែងថា ពលរដ្ឋខ្មែរធ្វើចំណាកស្រុក ទៅកាន់ប្រទេសថៃ ក្នុងវិស័យនេសាទ មួយចំនួនប្រឈមការជួញដូរមនុស្ស ប្រសិនបើពួកគេ គ្មានឯកសារគ្រប់គ្រាន់ ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ខាម៉ិន ម៉ូរ៉េណូ បានឲ្យដឹងថា EU យកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខមាលភាព របស់កម្មករចំណាកស្រុក ដោយសារកម្មករនេះ ក៏ជាផ្នែកមួយក្នុងការ ជួយអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម។
លោកស្រីមានប្រសាសន៍ថា “កម្ពុជាក៏មានអ្នកធ្វើចំណាកស្រុកច្រើន ទៅកាន់ប្រទេសថៃ ពិសេសក្នុងវិស័យនេសាទ ដែលមួយចំនួនប្រឈម ការជួញដូរមនុស្ស ប្រសិនបើគ្មានឯកសារគ្រប់គ្រាន់ និងការជួយជ្រោមជ្រែង សមស្របណាមួយ” ។
លោកស្រីបន្ដថា EU មានគោលនយោបាយអនុញ្ញាត ឲ្យប្រជាពលរដ្ឋអាចផ្លាស់ទីតាំងទៅធ្វើការដោយសេរីនៅ EU ។ លោកស្រីថា ប៉ុន្តែក្នុងតំបន់អាស៊ានមិនទាន់មានយន្តការនេះទេ ដូច្នេះនឹងអាចធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនក្លាយ ជាអ្នកចំណាកស្រុកខុសច្បាប់ និងក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស ។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហានេះ ដោយបានបង្កើត ឲ្យមានជាយន្តការអន្តរ ក្រសួងចុះទៅស្រង់ស្ថិតិ និងធ្វើប័ណ្ណឯកសារស្របច្បាប់ ជូនពលករ ឬជនចំណាកស្រុកនៅថៃ និងបានយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដោយកិច្ចនេះ ក៏មានយន្តការគណៈកម្មាធិការជាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលសម្ដេចផ្ទាល់គឺ ជាប្រធានដោយបានធ្វើការងារយ៉ាងច្រើន ជាមួយប្រទេសជិតខាង និងការងារផ្សព្វផ្សាយអប់រំជាដើម ៕
ដោយ ៖ អេង ប៊ូឆេង