ព័ត៌មានជាតិ

សាម អ៊ីន ៖ ព្រះមហាក្សត្រ ឡាយព្រះហស្តលេខា ព្រំដែនកម្ពុជា-វៀតណាម គឺព្រះអង្គធ្វើ តាមរដ្ឋធម្មនុញ្ញ

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក សាម អ៊ីន បានលើកឡើងថា ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា-វៀតណាម កាលពីថ្ងៃ៥ ខែធ្នូ ឆ្នាំ២០១៩ គឺព្រះអង្គគ្រាន់តែ បំពេញកាតព្វកិច្ចស្រប តាមរដ្ឋធម្មនុញ្ញកម្ពុជាប៉ុណ្ណោះ ។

ក្រោយពីព្រះមហាក្សត្រប្រកាស ដាក់ឲ្យប្រើប្រាស់នូវច្បាប់នេះភ្លាម គឺមានការរិះគន់យ៉ាងច្រើន ពីសំណាក់ពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈ ។

លោក សាម អ៊ីន បានរៀបរាប់ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃ២៣ ធ្នូថា “ខ្ញុំយល់ថា រដ្ឋធម្មនុញ្ញរបស់យើង ដែលប្រកាន់យករបបរាជានិយមអាស្រ័យធម្មនុញ្ញ ដោយព្រះមហាក្សត្រទ្រង់គង់ជានិមិត្តរូប តែមិនកាន់អំណាច ជារឿងល្អប្រពៃណាស់ សម្រាប់ការកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា។ យើងគួររៀនស្វែងយល់ និងគិតពិចារណាឲ្យបានវែងបន្តិច ជាជាងប្រើអារម្មណ៍រេតាមខ្យល់បក់ម្តងៗ ដែលខ្យល់បក់នោះ ភាគច្រើនបង្កើតឡើងដោយអ្នកនយោបាយខ្មែរ ឬប្រទេសជិតខាង ដើម្បីបម្រើផលប្រយោជន៍ នយោបាយអ្វីមួយដែលគេចង់បាន”។

លោកបានរៀបរាប់បន្តថា កម្ពុជា ជារបបរាជានិយមអាស្រ័យធម្មនុញ្ញ ។ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ មានទិសដៅនិងចំណុចសំខាន់ចម្បងបីចំណុច ដើម្បីជួយប្រជាជនកម្ពុជា ៖ គឺ១) បញ្ចប់សង្រ្គាមបង្ហូរឈាម , ២) កសាងកម្ពុជាឡើងវិញតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស , និង ៣) ការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី។

លទ្ធផលចម្បងមួយ នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ចាប់ពីឆ្នាំ១៩៩៣ កម្ពុជាមានរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល ដែលគោរពប្រតិបត្តិតាមគោលការណ៍ ប្រជាធិបតេយ្យសេរីពហុបក្ស។ រដ្ឋធម្មនុញ្ញកម្ពុជា មានចែងយ៉ាងច្បាស់អំពីរបបរាជានិយមអាស្រ័យធម្មនុញ្ញ ។ ក្នុងនោះមានមាត្រាសំខាន់២ចំណុចគឺ
មាត្រា១ចែងថា កម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រ ទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។ មាត្រា៧ចែងថា ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ។ ស្មារតីនិងខ្លឹមសារនៃរដ្ឋធម្មនុញ្ញគឺព្រះមហាក្សត្រទ្រង់គង់ជានិមិត្តរូប តែមិនមានអំណាចទេ ។ ទម្រង់នៃការគ្រប់គ្រងរដ្ឋនេះ គឺដូចគ្នានឹងប្រទេស អង់គ្លេស ដែលព្រះមហាក្សត្រ តែងចុះព្រះហស្តលេខាលើច្បាប់ទាំងឡាយណា ដែលស្នើឡើងដោយរាជរដ្ឋាភិបាល និងអនុម័តយល់ព្រមដោយរដ្ឋសភា និងព្រឹទ្ធសភា ។

លោកបន្តថា “ដូច្នេះ ព្រះបាទ នរោត្ដម សីហមុនី ឡាយព្រះហត្ថលេខាលើច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៩ ព្រះអង្គគ្រាន់តែបំពេញ កាតព្វកិច្ចស្របតាមរដ្ឋធម្មនុញ្ញប៉ុណ្ណោះ ពីព្រោះច្បាប់នេះស្នើឡើងដោយ រាជរដ្ឋាភិបាល និងអនុម័តយល់ព្រមដោយរដ្ឋសភា និងព្រឹទ្ធសភាហើយ” ។

លោកថា ប្រសិនបើសន្ធិសញ្ញា បំពេញបន្ថែមនេះ ធ្វើឲ្យបាត់បង់ដីខ្មែរ អ្នកដែលទទួលខុសត្រូវចម្បង ចំពោះមុខប្រវត្តិសាស្រ្តគឺ គណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងរាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ។ អ្នកអាចសាកស្រមៃ ទៅអនាគតបន្តិច បើអ្នកចង់ឲ្យព្រះមហាក្សត្រទ្រង់ មានអំណាច ដូចសម័យមុន នៅពេលមួយ ប្រជាពលរដ្ឋជ្រើសរើស បានរដ្ឋសភានិង បង្កើតរាជរដ្ឋាភិបាល តាមរយៈការបោះឆ្នោតមួយ ដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ ហើយដោយប្រការ ណាមួយ ដែលព្រះអង្គទាស់ព្រះហរទ័យ ប្រើអំណាចព្រះមហាក្សត្រ សម្រេចរំលាយរដ្ឋសភា និងរាជរដ្ឋាភិបាល ដែលកើតចេញពីឆន្ទៈរាស្រ្ត តើអនាគតនៃការកសាងលទ្ធិប្រជាធិបតេយ្យ នឹងទៅជាយ៉ាងណាវិញ? ៕

To Top