ភ្នំពេញ ៖ ក្នុងនាមជាអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច លោក សុខ ឥសាន បានចោទប្រកាន់ លើក្រុមអតីតគណបក្សប្រឆាំង ដែលរត់គេចខ្លួននៅក្រៅប្រទេសថា ជាអ្នករារាំងកម្ពុជា មិនឲ្យបោះបង្គោលព្រំដែន ជាមួយប្រទេសជិតខាង ដើម្បីកំណត់ព្រំដែនច្បាស់លាស់ ដែលបង្ហាញថាមិនចង់ខ្មែរ មានព្រំដែនច្បាស់លាស់ ជាមួយភាគីវៀតណាម ។
ពេលថ្មីៗនេះ មានមតិសាធារណជនមួយចំនួនទាំងក្នុង និងក្រៅប្រទេស បានលើកឡើងថា សន្ធិសញ្ញាព្រំដែនឆ្នាំ២០១៩ កំណត់ខណ្ឌសីមាព្រំដែន រវាងកម្ពុជា-វៀតណាម ធ្វើឲ្យបាត់បង់បូរណភាពទឹកដីរបស់កម្ពុជា ទៅវៀតណាមបន្ថែមទៀត ។
លោក សុខ ឥសាន បានសរសេរសារក្នុងតេឡេក្រាម នៅថ្ងៃ២៤ ធ្នូ ថា «ក្រុមឧទ្ទាមក្រៅច្បាប់ មិនចង់ឲ្យកម្ពុជា មានខ្សែព្រំដែនច្បាស់លាស់ទេ។ ហេតុនេះហើយ បានជាក្រុមទ្ទាមជ្រុលនិយមនេះ តែងតែរារាំងការបោះបង្គោលព្រំដែន ជាមួយប្រទេសជិតខាង»។
លោករៀបរាប់ថា អត្ថន័យនៃការបោះបង្គោលព្រំដែនរួមមាន ៖ កសាងខ្សែព្រំដែន ឲ្យទៅជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ធ្វើយ៉ាងណា ឲ្យមានព្រំដែនជាក់លាក់មិនកែប្រែ និងរឹងមាំយូរអង្វែង ដើម្បីធានាឲ្យប្រជាជន នៅតាមព្រំដែន ទទួលបានអត្ថប្រយោជន៍ ។ ក្នុងនោះរក្សាការពារបានដីស្រែចំការ របស់ប្រជាជននៅតាមខ្សែព្រំដែន ។
សូមរំលឹកថា កាលពីថ្ងៃ៥ ធ្នូ ឆ្នាំ២០១៩ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា-វៀតណាម ៕
ដោយ ៖ អេង ប៊ូឆេង