ព័ត៌មានជាតិ

ក្រុមហ៊ុនផលិតទឹកពិសាវីតាល់ និងផលិតផលមីជាតិ ធ្វើកម្មវិធីសប្បុរសធម៌ “អំណោយផ្តល់ភាពកក់ក្តៅ” ដល់ចាស់ជរា ជាង២០០នាក់

ភ្នំពេញៈ ក្រុមហ៊ុនទឹកពិសាវីតាល់ ដែលជាក្រុមហ៊ុនផលិតទឹកពិសា គុណភាពខ្ពស់ និងផលិតផលមីជាតិ ដែលជាផលិតផលមីកញ្ចប់ក្នុងស្រុក បានសហការរៀបចំ កម្មវិធីសប្បុរសធម៌ “អំណោយផ្តល់ភាពកក់ក្តៅ” ដើម្បីចែកគ្រឿងឧបភោគបរិភោគ អាវរងារ ភួយ ព្រមទាំងថ្នាំសង្កូវជូនចាស់ជរា និងប្រជាជនក្រីក្រគ្មានផ្ទះសម្បែង ប្រមាណ២០០នាក់ ក្នុងរាជធានីភ្នំពេញ។

កម្មវិធីសប្បុរសធម៌នេះ បានប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៩ នៅបរិវេណសួនច្បារ វត្តបុទុម ក្រោមវត្តមានលោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា នៃក្រុមហ៊ុន ទឹកពិសាវីតាល់ និងផលិតផលមីជាតិ លោកជំទាវ ឌី សុខី ទីឃាយុកោ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់ ) ជាគណៈអធិបតី ព្រមទាំងមានការចូលរួមពី អជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងក្រុមហ៊ុន ប្រជាពលរដ្ឋ យុវជនស្មគ្រ័ចិត្ត និងក្រុមការងារជាច្រើននាក់ ។

លោកជំទាវ ជឹង សុគន្ធាវី នេះ ជាលើកទី៤ហើយ ដែលក្រុមហ៊ុនបានប្រាព្ធកម្មវិធីនេះឡើង ក្នុងគោលបំណង ដើម្បីពង្រឹងវប្បធម៌ចែករំលែកជូនគ្នា ទៅវិញទៅមក ក្នុងគោលការណ៍ ស្រលាញ់រាប់អាន ផ្តល់អធ្យាស្រ័យ និងគោរពគ្នាដោយស្មោះស្ម័គ្រ ។ ក្រៅពីនេះទៅទៀត ក៏ធ្វើឡើង ដើម្បីផ្តល់ភាពកក់ក្តៅ ដល់អ្នកខ្សត់ខ្សោយ គ្មានទីជំរកសមរម្យឲ្យមានក្តីសង្ឃឹម ដើម្បីជំនះឧបសគ្គ ក្នុងការរស់នៅប្រចំាថ្ងៃ ។ ជាចុងក្រោយ កម្មវិធីនេះ ធ្វើដើម្បីលើកទឹកចិត្ត ឲ្យមានការចូលរួមពីសាធារណជន និងក្រុមហ៊ុនឯកជន ក្នុងការងារសប្បុរសធម៌ សង្គមឲ្យកាន់តែ ទូលំទូលាយបន្តទៅទៀត ។

លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា នៃក្រុមហ៊ុន បានមានប្រសាសន៍ថា “រដូវធ្លាក់ខ្យល់បានមកដល់ វាបានបង្ករការលំបាកណាស់ សម្រាប់ចាស់ជរា និងប្រជាជន ដែលមានជីវភាពខ្សត់ខ្សោយ ។ ក្នុងនោះ អ្នកខ្លះមិនមានទីជំរកសមរម្យ អ្នកខ្លះមិនមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ និងអ្នកខ្លះមិនមានលទ្ធភាព ទិញអាហារបរិភោគ និងថ្នាំសង្កូវប្រើប្រាស់ប្រចាំថ្ងៃ។ យើងខ្ញុំពិតជា មានអារម្មណ៍ក្តុកក្តួរ និង សោកស្តាយដែលឃើញមានរូបភាពទាំងនេះ” ។

លោកជំទាវបានបន្តថា “ដូច្នេះហើយ តាមរយៈកម្មវិធីនេះ យើងខ្ញុំសង្ឃឹមថា នឹងអាចចូលរួមចំណែកចែករំលែកការលំបាកមួយចំនួន និងបង្ករជាភាពកក់ក្តៅ ទៅដល់ពួកគាត់ ដែលមានការលំបាក ក្នុងពេលរដូវរងារនេះ” ។

គួរបញ្ជាក់ផងដែរ ក្នុងកម្មវិធីនេះ មានចាស់ជរា និងប្រជាជនគ្មានផ្ទះសម្បែងប្រមាណ២០០នាក់ បានមកទទួលអំណោយពីក្រុមហ៊ុនទាំងពីរ ដែលអំណោយ មានដូចជាអង្ករ អាវរងារ ភួយ ក្រមា ថ្នាំពេទ្យ ទឹកពិសាវីតាល់ មីជាតិ និងថវិកាមួយចំនួន។ ចាស់ជរា និងប្រជាជនទាំងនោះ ភាគច្រើនជាអ្នកចំណាកស្រុកពីខេត្តដទៃ ចូលក្នុងរាជធានីភ្នំពេញ ដើម្បីប្រកបរបរតិចតួចចិញ្ចឹមជីវិត ។ អ្នកខ្លះជាអ្នកលក់អំបោស តាមដងផ្លូវ អ្នកខ្លះជាអ្នកសំលៀងកាំបិត អ្នកខ្លះជាអ្នកកាន់ជញ្ជីងថ្លឹងគីឡូ តាមផ្សារ និងទីប្រជុំជន និង អ្នកខ្លះជាអ្នកស៊ីឈ្នួល ធាក់ស៊ីក្លូរជាដើម ។ របបទាំងនេះ ទទួលបានចំនូលតិចតួចណាស់ ដែលធ្វើឲ្យពួកគាត់មិនមានលទ្ធភាពជួលផ្ទះស្នាក់អាស្រ័យបាន ក្រៅពីដើរសម្រាន្តតាមដងផ្លូវ តាមសំយ៉ាបផ្ទះអ្នកដទៃ តាមវត្តអារាម ឬនៅលើស៊ីក្លូរជាដើម ។

ដោយក្តីអាណិតស្រលាញ់ និងចូលរួមរំលែកការលំបាក ទៅដល់អ្នកខ្សត់ខ្សោយ ក្រុមហ៊ុនទឹកពិសាវីតាល់ និង ផលិតផលមីជាតិ មានទស្សនៈវិស័យរួមគ្នា ប្តេជ្ញាបង្កើត ជាកម្មវិធីសប្បុរសធម៌ ដើម្បីជួយប្រជាជនក្រីក្រ ដែលរងចាំជំនួយ ។ ក្រុមហ៊ុនទាំងពីរ ក៏បានអំពាវដល់សាធារណជន យុវជនប្រុសស្រី និងក្រុមហ៊ុនឯកជននានា ផ្សេងទៀត រួមគ្នាបង្កើត និងចូលរួមក្នុងសកម្មភាព សប្បុរសធម៌ ជួយសង្គមឲ្យកាន់ តែទូលំទូលាយបន្តទៅទៀត ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top