ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងដែនដី អះអាងថា ការប្តឹងតវ៉ា រឿងវិវាទដីធ្លីថយចុះ គួរឲ្យកត់សម្គាល់

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអះអាងថា បន្ទាប់ពីក្រសួង បានបង្កើតគណៈកម្មការសុរិយោដី ក្រុមការងារដោះស្រាយវិវាទដីធ្លី និងក្រុមការងារដោះស្រាយ វិវាទចល័ត ព្រមទាំងអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ដើម្បីចុះជួយដោះស្រាយ ជូនប្រជាពលរដ្ឋរួចមក មកទល់ពេលនេះ ចំនួនវិវាទរឿងដីធ្លី និងការប្ដឹងតវ៉ាមានការថយចុះ គួរឲ្យកត់សម្គាល់ ។

ក្នុងសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ បន្តឆ្នាំ២០២០ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នាសណ្ឋាគារ សុខាភ្នំពេញ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងថា ក្រសួងបាននិងកំពុងបន្តខិតខំចុះបញ្ជីដីធ្លី ជូនប្រជាពលរដុ្ឋ ដើម្បីធានា ឲ្យបាននូវសុវត្ថិភាព នៃការកាន់កាប់ដីធ្លី និងអចលនទ្រព្យ របស់ពួកគេ ដែលជាទុន សម្រាប់ការវិនិយោគ និងការបង្កើនប្រាក់ចំណូល របស់ពួកគេផងដែរ ។

លោកបន្តថា “ក្រសួងបានខិតខំដោះស្រាយ វិវាទដីធ្លី គ្រប់រូបភាព ដោយប្រើប្រាស់យន្តការ គណៈកម្មការសុរិយោដី ក្រុមការងារដោះស្រាយ វិវាទចល័ត និងអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ធ្វើឲ្យចំនួនវិវាទ និងការប្ដឹងតវ៉ាថយចុះ ធានាបាននូវយុវត្តិធម៌និងភាពសុខដុមរមនានៅក្នុងសង្គម” ។

លោករដ្ឋមន្រ្តីឲ្យដឹងបន្តទៀតថា ក្រសួងបានបន្តខិតខំ គ្រប់គ្រង ប្រើប្រាស់ និងការបែងចែកដីធ្លី ប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធិភាព និងចីរភាព ក្នុងគោលដៅបង្កើន ប្រាក់ចំណូលជូនជាតិ ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ភាពក្រីក្រ។

លោក ជា សុផារ៉ា សង្កត់ធ្ងន់ថា ក្រសួងបានជំរុញ អនុវត្តរៀបចំ ដាក់ចេញនូវវិធានការ ផែនការរូបវ័ន្ត ចាំបាច់នានាមួយចំនួន នៅតាមផែនភូមិសាស្រ្ត នីមួយៗ ដើម្បីចូលរួមអភិវឌ្ឍកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន ទៅមុខឥតឈប់ឈរបន្ថែមទៀត ៕ ដោយ៖ ធី លីថូ

To Top
×