ព័ត៌មានជាតិ

មេសហជីព ៖ សម្តេចតេជោគួរតែ ចេញបទបញ្ជាកុំឲ្យឡើងថ្លៃ ផ្ទះជួលទើប មានប្រសិទ្ធភាព

ភ្នំពេញ ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានគាំទ្រចំពោះការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកុំឲ្យមាន ការតម្លើងថ្លៃផ្ទះជួលនៅឆ្នាំ២០២០ខាងមុខ ប៉ុន្តែលោកថា សម្តេចគួរតែចេញបទបញ្ជាវិញ ទើបមានប្រសិទ្ធភាព ។

លោក ប៉ាវ ស៊ីណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ថា “ពាក់ព័ន្ធថ្នាក់ដឹកនាំអំពាវនាវកុំម្ចាស់ផ្ទះជួលកុំតម្លើងថ្លៃវាជារឿងមួយល្អ ។ ប៉ុន្តែខ្ញុំគិតថា វាមិនសូវជាមានប្រសិទ្ធភាពទេ ព្រោះវាមិនមែន ជាបទបញ្ជាទេ គ្រាន់តែជាការអំពាវនាវ។ ចឹងបើសិនជាអាចសម្តេចគួរតែចាត់មន្រ្តីខណ្ឌ-សង្កាត់ចុះត្រួតពិនិត្យគោលដៅ ដែលជាមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនចុះធ្វើការអង្កេតព្រោះម្ចាស់ផ្ទះជួលស្ថិតនៅក្នុងការគ្រប់គ្រង របស់អាជ្ញាធរមូលដ្ឋាន អាចក្តាប់ព័ត៌មានបានច្រើន” ។

ជាមួយគ្នានេះ លោកថា មិនមែនត្រឹមតែ ថ្លៃផ្ទះជួលទេ តែអគ្គិសនីវិញលក់ ឲ្យកម្មករខុសពីស្តងដារដែលមានការឯកភាពជាមួយ ភាគីពាក់ព័ន្ធនាពេលកន្លងមក ពោលគឺលក់ក្នុងតម្លៃថ្លៃ។

លោកថា ប្រសិនបើអាជ្ញាធរមូលដ្ឋាន ព្រងើយកន្តើយមិន អើពើចំពោះករណីផ្ទះជួលឡើងថ្លៃ និងអគ្គិសនីទេ នឹងបន្តឡើង ថ្លៃហើយ ដូច្នេះអាជ្ញាធរ មូលដ្ឋានត្រូវតែចុះស្រាវជ្រាវ ចំពោះករណីនេះ ឲ្យបានម៉ត់ចត់កុំធ្វេស ប្រហែស ។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងឱកាស ចុះចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានធ្វើការអំពាវនាវដល់ គ្រប់ម្ចាស់ផ្ទះជួលទាំងអស់ កុំតម្លៃថ្លៃផ្ទះជួល ព្រោះកម្មករប្រាក់ខែឆ្នាំ២០២០ឡើងត្រឹមតែ៨ដុល្លារ ដូច្នេះអាជ្ញាធរធ្វើការងារ ជាមួយម្ចាស់ផ្ទះជួល ធ្វើយ៉ាងណាកុំមាន ការឡើងថ្លៃ៕

To Top