ព័ត៌មានជាតិ

ឃាត់ខ្លួនសង្ឃក្លែងក្លាយ៣អង្គ ដើរបិណ្ឌបាត្រ

ភ្នំពេញ ៖ ដើម្បីផលប្រយោជន៍ខ្លួនឯង មិនបានគិតទៅលើសាសនាខ្លួន ដែលប្រជាពលរដ្ឋទូទាំងប្រទេស បានលះបង់ទាំងថវិកា និងកំលាំងកាយចិត្ត ដើម្បីកសាងបុណ្យកុសល សម្រាប់ខ្លួនឯង ក៏ដូចជាធ្វើបុណ្យឧទិ្ទសដល់ញាតិកា ដែលបានចែកឋានទៅបរមលោក ។

បច្ចុប្បន្នមានជនខិលខូច ក៏ដូចជាបុគ្គលមួយចំនួនតូច នៅតែបន្តស្វែងរកប្រាក់ តាមមធ្យោបាយមួយចំនួន ដូចជាដើររៃអង្គាសតាមលក្ខណៈផ្សេងៗ ។ យ៉ាងណាមិញបុគ្គល ៣ រូប បានតែងខ្លួនជាព្រះសង្ឃ ហើយដើរបិណ្យបាត្រ សូម្បីតែម៉ោងឆាន់ក៏មិនចូលវត្ត ហើយថ្ងៃសីលក៏មិនគង់នៅក្នុងវត្ត ។ លទ្ធផលចុងក្រោយសង្ឃក្លែងក្លាយ ៣អង្គនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយដោះស្បង់ចីវរចេញ និងឱ្យស្លៀកសម្លៀកបំពាក់សាមញ្ញ ដើម្បីយកទៅ ប៉ុស្តិ៍នគរបាលសួរនាំបន្ត។ ករណីនេះ កើតឡើង កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៩ នៅក្នុងវត្ត សិរីមង្គលស្ទឹងបត់ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកសង្ឃក្លែងក្លាយ៣អង្គនេះ មានឈ្មោះទី១-ឈ្មោះ គឹម ម៉ាត អាយុ ៣៣ឆ្នាំ ទី២-ឈ្មោះសឿន ចិត្រា អាយុ ២១ឆ្នាំ ទាំងពីរនាក់ រស់នៅភូមិ.ឃុំ.ស្រុកអង្គរជ័យ ខេត្តបាត់ដំបង និងទី៣-ឈ្មោះភី សារិទ្ធិ អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិខ្វៀវ ឃុំបេង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

តាមការអង្កេតឃើញ មានក្រុមមនុស្សចាស់ប្រុសស្រី មានទាំងកង់បីមេក្រូ បានដើររៃអង្គាសតាមភូមិជាញឹកញាប់ ខុសពេលខុសវេលា មិនថាចេញវស្សា ឬចូលវស្សានោះទេ។ បច្ចុប្បន្នក្រុមអ្នកដើររៃអង្គាស នៅតែបន្តដើររៃអង្គាស ដោយមានមេក្រូលើកង់បី ដើរតាមភូមិតាមផ្សារគ្រប់ទីកន្លែង មិនដឹងថា លុយដែលដើររៃអង្គាសនេះ ត្រូវបានយកទៅកសាង ឬក៏ជាផលប្រយោជន៍ បុគ្គលខ្លួនឯងនោះទេ។

ចំពោះករណីនេះក្រសួងធម្មការ និងសាសនាមេត្តាពិនិត្យ ពីតម្រូវការរបស់ពួកគាត់ ចំពោះការដាក់ស្លាករៃអង្គាស ពីការកសាងនេះ កសាងនោះ មិនមានភាពច្បាស់លាស់ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការបាត់ជំនឿ និងគោរពទៅលើព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕

To Top