ព័ត៌មានជាតិ

មន្ទីរកសិកម្មបាត់ដំបង ស្រាយបំភ្លឺ ចំពោះការដាំដុះ ស្ពៃជើងទារ របស់ជនពិការ គ្មានទីផ្សារ

ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយ ចំពោះចម្ការដាំដុះស្ពៃជើងទារ របស់ជនពិការម្នាក់ នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង គ្មានទីផ្សារ ហើយប្រជាពលរដ្ឋ នាំគ្នាភ្លូកទឹកភ្លូកដី ទៅដកយកមកបរិភោគនោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានធ្វើការសា្រយបំភ្លឺ និងបកស្រាយ ដើម្បីកុំឲ្យយល់ច្រឡំបន្តទៀត ។

ថ្មីនេះៗនេះ មានសារព័ត៌មាន ក្នុងស្រុកផ្សាយថា «អ្នកភូមិសម្រុកនាំគ្នាកាត់ស្ពៃ ក្នុងចម្ការជនពិការម្នាក់ យ៉ាងភ្លូកទឹកភ្លូកដី» ដោយសារម្ចាស់ចម្ការ ជាអ្នកប្រកាស ឲ្យទៅកាត់យកដោយឥតគិតលុយ ព្រោះគាត់គិតថា ស្ពៃជើងទារទទួលបានតម្លៃថោក និងស្ទើរតែគ្មានអ្នកទិញ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរកសិកម្មខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩បានឲ្យដឹងថា ក្រោយទទួលបានដំណឹង ប្រធានមន្ទីរបានបញ្ជូន ក្រុមការងារទៅជួប លោក អ៊ឹម សុភ័ក្រ ដែលជាម្ចាស់ចម្ការផ្ទាល់ ។ ម្ចាស់ចម្ការឆ្លើយតបថា មូលហេតុប្រកាសឲ្យពលរដ្ឋ មកកាត់យកស្ពៃដោយមិនគិតលុយព្រោះ ទី១- ស្ពៃមានជំងឺធ្វើឲ្យគុណភាពធ្លាក់ចុះ , ទី២-ត្រូវការដីសម្រាប់ដាំដុះដំណាំបន្តទៀត , ទី៣-តម្លៃស្ពៃធ្លាក់ចុះ និងស្ទើរគ្មានអ្នកទិញ និងទី៤-ដោយសារចង់ចែកចាយស្ពៃដល់អ្នកដទៃ ដើម្បីជាការធ្វើបុណ្យផងដែរ។

សេចក្ដីប្រកាសបន្ថែមថា ជាម្ចាស់ចម្ការបានលក់ចេញបាន៧០% ក្នុងតម្លៃ៥០០ ក្នុង១គីឡូក្រាម នៅសល់៣០%ទៀត ប្រហែល១០តោន មានតម្លៃត្រឹមតែចំនួន៣០០ក្នុង១គីឡូក្រាម ។ ជាមួយគ្នានេះ មន្ទីរកសិកម្ម ក៏បានសហការជាមួយសភាពាណិជ្ជកម្មខេត្តស្វែងរកដំណោះស្រាយឲ្យលោកអ៊ុម សុភ័ក្រផងដែរ ។ ដោយមន្ត្រីសភាពាណិជ្ជកម្មសន្យាថា នឹងផ្តល់តម្លៃសមរម្យដល់គាត់ នៅថ្ងៃ២៧ ធ្នូនេះ។

មន្ទីរកសិកម្មខេត្តបាត់ដំបងបញ្ជាក់ថា ឆ្នាំនេះកសិករនាំគ្នាដាំដុះដំណាំស្ពៃជើងទា ស្ទើរគ្រប់ទីកន្លែង ដែលនាំឲ្យការប្រមូលផលបន្លែ មានបរិមាណច្រើនលើសពីតម្រូវការ ៕

ដោយ៖ធី លីថូ

To Top