ព័ត៌មានជាតិ

ព្រះមហាក្សត្រយាងសួរសុខទុក្ខ និងប្រទានព្រះរាជអំណោយ ដល់ប្រជាកសិករ នៅស្រុកស្រីសន្ធរ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានសព្វព្រះរាជហឫទ័យយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ដល់ប្រជារាស្រ្តជាកសិករ ប្រកបរបរធ្វើស្រែ ប្រមាណ៤៦០គ្រួសារ តាមដងទន្លេតូច ស្ថិតនៅភូមិបឹងទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ។ នេះបើតាមការផ្សព្វផ្សាយ របស់ក្រសួងព័ត៌មាន។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង បានមានព្រះរាជបន្ទូល ទៅកាន់លោកយាយ លោកតា និងប្រជារាស្រ្តជាកូន ជាចៅ ដោយបានសម្ដែង ព្រះរាជហឫទ័យសប្បាយរីករាយ ជាពិសេសព្រះអង្គបានទត និងជួបផ្ទាល់ជាមួយប្រជារាស្រ្តជាកសិករ ព្រមទាំងមានព្រះរាជបន្ទូល ពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទួត ដែលតែងតែ យកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និងគិតគូរពីការលំបាក ក៏ដូចជាការរស់នៅ របស់ប្រជារាស្ត្ររបស់ព្រះអង្គ នៅទូទាំងប្រទេស គ្រប់ពេលវេលា។

ព្រះមហាក្សត្រ ក៏បានមានព្រះរាជបន្ទូល កោតសរសើរថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។

បន្ទាប់ពីព្រះរាជបន្ទូលសំណេះសំណាល ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងប្រោសព្រះរាជទាន ព្រះរាជអំណោយដោយផ្ទាល់ព្រះហស្ត ចំនួន ៤៦០គ្រួសារ ប្រកបដោយទឹកព្រះទ័យសប្បាយរីករាយ និងអាណិតស្រឡាញ់ជាទីបំផុត។

ព្រះរាជអំណោយព្រះអង្គ ប្រទានប្រជារាស្ត្រជាកសិករ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១), មី១កេស ត្រីខ ១០កំប៉ុង, អំពូលភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យ (បន្ទះសឡា) ១គ្រឿង, ស្បែកជើងផ្ទាត់១គូ, អាវយឺតចំនួន១ និងអាវរងារចំនួន១ ដែលមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ថវិកា ១០ម៉ឺនរៀល និងអាហារសម្រន់ពេលព្រឹកផងដែរ ៕

To Top