ព័ត៌មានជាតិ

បើករថយន្តបុកប៉ូលិស ខេត្តកណ្តាលមួយរូប ស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាល៖ ជាមន្ត្រីបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល គឺ លោក យ៉ុន រតនា អាយុ៣២ឆ្នាំ ត្រូវបានរថយន្តមួយគ្រឿងបើកបរលឿន បុកស្លាប់យ៉ាងអាណោចអាធ័ម ខណៈកំពុងបំពេញបេសកកម្ម លាងសំអាតផ្លូវ ។

អធិការនគរបាលក្រុងតាខ្មៅ លោកវរសេនីយ៍ទោ យី វណ្ណដា ថ្លែងថា ពេលនេះ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនបង្កហើយ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៧ ខែធ្នូ ម្សិលមិញនេះ ស្ថិតនៅលើផ្លូវលេខ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ថា រថយន្តបង្កមានម៉ាកហាយឡែនឌ័រ មិនស្គាល់ផ្លាកលេខ បើកបរក្នុងល្បឿនលឿន បានបុកមន្ត្រីបង្ការ និងពន្លត់អគ្គិភ័យម្នាក់ ខណៈពេលកំពុងបំពេញបេសកកម្ម លាងសំអាតផ្លូវ រួចរថយន្តបង្កបានបើកគេចខ្លួន ។

ទោះបីយ៉ាងណា កម្លាំងនគរបាលក្រុងតាខ្មៅ កំពុងតាមស្រាវជ្រាវករណីនេះហើយ ។ ដោយឡែកសព ត្រូវបានតម្កល់នៅវត្តក្រពើហារ រង់ចាំសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

To Top