ព័ត៌មានជាតិ

រថយន្តដឹកអ្នកដំណើរ បុកគោយន្តកន្ត្រៃពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ជាច្រើននាក់

ភ្នំពេញ៖ រថយន្តដឹកអ្នកដំណើរ របស់ក្រុម ហ៊ុនអាស៊ីបូព៌ា បានបុកគោយន្តកន្ត្រៃ ដឹកអុសពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ជាច្រើននាក់ ករណីនេះកើតឡើង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះបង្កឡើងរថយន្ត ក្រុងដឹកអ្នកដំណើររបស់ ក្រុមហ៊ុនអាស៊ីបូព៌ា ពណ៌សលាយក្រហម ពាក់ស្លាកលេ ភ្នំពេញ 3E0318 អ្នកបើកបរបានរងរបួសធ្ងន់ បាក់ជើង បានបុកគោយន្តកន្ត្រៃដឹកអុស បណ្តាលអោយអ្នកបើកបរ ភេទប្រុស របួសធ្ងន់ផងដែរ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រុង ដឹកអ្នកដំណើរពេលយប់ របស់ក្រុមហ៊ុនអាស៊ីបូព៌ា បើកបរក្នុងល្បឿនលឿន ទិសដៅពីភ្នំពេញមកបាត់ដំបង ។ លុះមកដល់ចំណុចកើតហេតុ ទំនងតៃកុងដេកង៉ក់មួយភាំង ក៏ជ្រុលទៅបុកគោយន្តកន្ត្រៃដឹកអុសពីក្រោយ ក្នុងទិសដៅស្របគ្នាពេញទំហឹង បណ្តាលអោយគោយន្តប៉ើង ធ្លាក់ចូលប្រឡាយ និងម្ចាស់រងរបួសធ្ងន់ ។ ចំណែករថយន្ត ក៏បានធ្លាក់ចូលស្រែផងដែរ បណ្តាលអោយអ្នកបើកបរ គាបជាប់ក្នុងកាប៊ីនរថយន្ត រងបួសបាក់ជើង និងអ្នករួមដំណើរម្នាក់អង្គុយក្បែរស្លាប់ និងជាច្រើននាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ។

សមត្ថកិច្ចខាងលើបន្តទៀតថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។ ចំណែកសាកសព បានគាស់ចេញពីរថយន្ត និងវត្ថុតាងបានយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោកខេត្តបាត់ដំបង ដើម្បីរង់ចាំដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

To Top