ព័ត៌មានជាតិ

កម្មករត្អូញត្អែរ ភាពយឺតយ៉ាវយ៉ាវការបើករលឹកប្រាក់ និងផ្តល់ប្រាក់បំណាច់ អតីតភាពការងារនៅឆ្នាំ២០១៩

ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានលើកឡើងពីក្រុមកម្មករ មានការត្អូញត្អែរ ជុំវិញភាពយឺតយ៉ាវ នៃការបើករលឹកប្រាក់បំណាច់ អតីតភាពការងារមុនឆ្នាំ២០១៩ និងការផ្តល់ប្រាក់បំណាច់ អតីតភាពការងារ ចាប់ពីឆ្នាំ២០១៩ ។

ការលើកឡើងរបស់លោកនេះ ក្រោយពីក្រសួងការងារ បានចេញសេចក្តីណែនាំ ស្តីពីការបើករំលឹកប្រាក់បំណាច់ អតីតភាពការងារកាលពីថ្ងៃទី២១ កញ្ញា ឆ្នំ២០១៩ ស្តីពីការទូទាត់ប្រាក់បំណាច់ អតីតភាពការងារ។ បើតាមលោកប៉ាវ ស៊ីណា សេចក្តីប្រកាសក្រសួង តម្រូវឲ្យម្ចាស់រោងចក្រសហគ្រាសបើក រំលឹកប្រាក់បំណាច់អតីតភាពការងារ និងការទូទាត់ប្រាក់ ឲ្យកម្មករពីរដងក្នុង១ឆ្នាំ ។ ការបើកនេះ មានរយៈពេល៦ខែម្តង គឺបើករៀងរាល់ខែមិថុនា និងរៀងរាល់ខែធ្នូ នៃឆ្នាំនីមួយៗ ។

លោកប៉ាវ ស៊ីណា តាមរយៈបណ្តាញហ្វេសប៊ុក នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រុមការងាររបស់លោក បានពិនិត្យឃើញមានរោងចក្រមួយចំនួន ពុំបានអនុវត្តន៍តាមប្រកាស របស់ក្រសួងការងារនោះទេ ពោលគឺ អ្នកគ្រប់គ្ររោងចក្រ មានភាពយឺតយ៉ាវ និងពន្យារពេល បើករំលឹកប្រាក់បំណាច់អតីតភាពការងារ មុនឆ្នាំ២០១៩ និងការទូទាត់ ប្រាក់បំណាច់អតីតភាពការងារ ក្នុងឆ្នាំ២០១៩ ត្រូវតម្រូវឲ្យម្ចាស់រោងចក្រ បើកជូនកម្មករនៅក្នុងខែធ្នូនេះ ។

ប៉ុន្តែលោកថា “អ្នកគ្រប់គ្រងរោងចក្រ បានលើកទៅបើកឲ្យកម្មករ នៅខែមករា ឆ្នាំ២០២០ ចន្លោះពីថ្ងៃទី៥-២០ មករា ឯណោះ ហើយក៏មានរោងចក្រខ្លះទៀត ក៏ពុំទាន់បានកំណត់ថ្ងៃ បើកជូនកម្មករផងដែរ” ។

លោកថា ករណីនេះ អាចជាចរន្តរុញច្រានទៅជាវិវាទ ដែលអាចកើតឡើង ក្នុងអំឡុងពេលណាមួយ ប្រសិនបើនិយោជិក មិនបានអនុវត្តន៍ ស្របតាមសេចក្តីប្រកាស ហើយក្រសួងការងារ មិនបានចាត់មន្រ្តីចុះធ្វើការតាមដាន ដោយយកចិត្តទុកដាក់ទេនោះ ៕

To Top