ព័ត៌មានជាតិ

មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគជិត​ ៣ម៉ឺនដុល្លារ ពីសប្បុរសជនពីរក្រុម

ភ្នំពេញ ៖ តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និងលោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០៩ បានជួបសំណេះសំណាល និងទទួលថវិកាបរិច្ចាគ ចំនួន២៨ ៥៨៩ ដុល្លារ។

ថវិកា ២៨ ៥៨៩ដុល្លារ ក្នុងនោះ ថវិកា ២១ ១៥០ដុល្លារ បានមកពីការបរិច្ចាគពីសំណាក់ លោកឧកញ៉ា ជឹម ឃាន ប្រធានក្រុមហ៊ុនបូរីសែនសុខ និងលោកស្រី ឈឹម ណារិន ព្រមទាំងក្រុមគ្រួសារ និងថវិកាចំនួន ៧៤ ៣៩ ដុល្លារទៀត បានមកពីការបរិច្ចាគ ពីសំណាក់សមាគមអតីតនិស្សិតខ្មែរ នៃសកលវិទ្យាល័យហួរឈៀវ ប្រទេសចិនដែលដឹកនាំដោយ លោក ជឹម សុផល ប្រធានសមាគម និងលោកស្រី វ៉ា ស៊ូជីង អនុប្រធានសមាគម។

តំណាងមូលនិធិគន្ធបុប្ផាកម្ពុជាបានឲ្យដឹងថា សប្បុរសជនបានចូលជា សមាជិកមូលនិធិគន្ធបុប្ផាកម្ពុជា រួមមាន ៖ សមាជិកស្ថាបនិក សមាជិកកិត្តិយស និងសមាជិកគាំទ្រ ព្រមទាំងបានសំណូមពរ ដល់ភាគីភ្ញៀវឲ្យចូលរួមបំផុសចលនាបរិច្ចាគ ចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងចំណោមគណៈក្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន និងសមាគមដែលរួមមាន សមាជិកកិត្តិយសបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារក្នុងមួយឆ្នាំ ឬសមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់ ) រៀល ក្នុងមួយខែ/៦០ ០០០ (ប្រាំមួយម៉ឺន)រៀល ក្នុងមួយឆ្នាំ។

ដោយឡែក ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ លើកឡើងថា ទំហំ ចំណាយប្រចាំឆ្នាំ មានប្រមាណ៤០ ទៅ៤៥ លានដុល្លារអាមេរិក និងប្រភពថវិកាដែលរួមមាន ៖ តាមរយៈមូលនិធិគន្ធបុប្ផាស្វីស រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់ប្រតិបត្តិការមន្ទីរពេទ្យគន្ធបុប្ផា ។ លោកបន្ថែមថា ក្នុងឆ្នាំ២០១៩ នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ថវិកាជិត ១១លានដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

សូមរំលឹកថា បរិច្ចាគចូលជាសមាជិក របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវា តាមរយៈ រួមមាន ៖ ធនាគារកាណាឌីយ៉ា , ធនាគារអេស៊ីលីដា , ធនាគារ ABA , ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing , ភ្នាក់ងារវេប្រាក់ True Money , ភ្នាក់ងារវេប្រាក់ Dara Pay ឬទំនាក់ទំនង មកលេខាធិការដ្ឋាន ដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ទូរស័ព្ទលេខ ០៦១ ៧០១ ១១១ /០៩៦ ៧០១ ១១១១ និងគេហទំព័រ www.ckf.org.kh ៕

To Top