ព័ត៌មានជាតិ

UN ថ្កោលទោសយ៉ាងខ្លាំង ទៅលើការបំផ្ទុះគ្រាប់បែក សម្លាប់ពលរដ្ឋជាច្រើន នៅសូម៉ាលី

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ បានថ្កោលទោសយ៉ាងខ្លាំង ទៅលើការវាយប្រហារ ដោយក្រុមភេរវករ កាលពីថ្ងៃសៅរ៍ ដែលបានវាយប្រហារមកលើរដ្ឋធានី ម៉ូហ្គាឌីស៊ូ របស់ប្រទេសសូម៉ាលី បណ្តាលឲ្យពលរដ្ឋជាច្រើននាក់ បាត់បង់ជីវិត ។

អំពើភេរវកម្មនិយម នៅក្នុងទម្រង់ទាំងឡាយ និងការធ្វើបាតុកម្មផ្សេងៗ ជាផ្នែកមួយ នៃការបង្កការគំរាមកំហែងយ៉ាងខ្លាំង ដល់សន្តិសុខអន្តរជាតិ និងសុវត្ថិភាព ហើយសមាជិកក្រុមប្រឹក្សា បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសង្កត់ធ្ងន់ទៅលើភាពចាំបាច់ សម្រាប់រដ្ឋទាំងអស់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ទៅលើរាល់ការបង្កហេតុទាំងឡាយ ការគំរាមកំហែងនានា ដោយការវាយប្រហារពីក្រុមភេរវករ ។

សមាជិកក្រុមប្រឹក្សាទាំងឡាយ ក៏បានទទូចសុំឲ្យមានការសហការគ្នា ដើម្បីគាំទ្រដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ នៅក្នុងប្រទេសសូម៉ាលី ដោយបានបន្ថែមថា ធ្វើការកំណត់ឲ្យបានច្បាស់អំពីភាពខ្សោយ ដែលនាំឲ្យមានការវាយប្រហារ បានពីក្រុមភេរវករ ។

សូមបញ្ជាក់ថា អំពើវាយប្រហារ ដែលបានបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅច្រកត្រួតពិនិត្យនៅឯជាយក្រុង កាលពីថ្ងៃសៅរ៍ បានសម្លាប់មនុស្ស អស់ចំនួន៧៩នាក់ និង១៤៩នាក់ផ្សេងទៀត បានរងរបួស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top