ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បញ្ជានគរបាល បង្រ្កាបល្បែងស៊ីសង ដែលជ្រកក្រោមស្លាកហ្គេមកម្សាន្តឲ្យអស់ និងវាយខ្នោះអ្នកនៅពីក្រោយខ្នង

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងមុតមាំ ឲ្យកងកម្លាំងនគរបាលបង្រ្កាបល្បែងស៊ីសង ដែលជ្រកក្រោមស្លាកហ្គេមកម្សាន្តឲ្យអស់ ជាពិសេសត្រូវតែចាប់ខ្លួនភ្លាមៗ ចំពោះកាងបទល្មើសទាំងនេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៩ លើកទិសដៅខែមករា ឆ្នាំ២០២០ និង សម្រួលភារកិច្ច ប្រកាសតួនាទីជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងមុតមាំថា ”ល្បែងស៊ីសង ដែលជ្រកក្រោមផ្លាកហ្គេមកំសាន្តត្រូវ បង្ក្រាបអោយអស់ និងអ្នកនៅពីក្រោយបទល្មើស នៅពីក្រោយជនល្មើស ឧក្រិដ្ឋណាមួយ ទោះជាអ្នកណាក៏ដោយ គឺត្រូវតែចាប់ខ្លួនភ្លាម”។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទបន្ថែមថា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងខេត្តព្រះសីហនុទាំងមូល ជាគន្លឹះ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ទាក់ទាញ រក្សាកំណើនភ្ញៀវ អ្នកវិនិយោគជាតិ និងអន្តរជាតិ ចូលមកក្នុងខេត្តព្រះសីហនុនេះ។

ផ្ទាំងពាណិជ្ជកម្ម

លោកឧត្តមសេនីយ៍ទោ បានជំរុញអោយកងកម្លាំងសមត្ថកិច្ចជំនាញ ក្រោមឱវាទទាំងអស់ ត្រូវធ្វើអ្វីតាម ឋានានុក្រម គោរពច្បាប់ជាគោល ពង្រឹងនិតវិធីច្បាប់ មានសីលធម៌ល្អទន់ភ្លន់តែម៉ឺងម៉ាត់ និងជាពិសេស លោកក៏បានផ្តាំផ្ញើរអោយកងកម្លាំងទាំងអស់ ដាច់ខាតកុំនៅពីក្រោយ ជនល្មើស រឺបទល្មើសណាមួយអោយសោះ ជាដាច់ខាតត្រូវតែចាប់ខ្លួន។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋានទាំងអស់ ត្រូវបើកទ្វា២៤ម៉ោងលើ២៤ម៉ោង ទទួលបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាណាមួយ ត្រូវការដំណោះស្រាយជាបន្ទាន់ ដើម្បីទប់ស្កាត់ ដោះស្រាយ និងបង្រ្កាបទាន់ពេលវេលា៕

To Top
×