ព័ត៌មានជាតិ

លោក រ៉ុង ឈុន ៖ EBA រាជរដ្ឋាភិបាល អាចដោះស្រាយជាមួយEUបាន ដើម្បីបញ្ចៀសការបាត់បង់

ភ្នំពេញ ៖ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន យល់ឃើញថា ជុំវិញបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់មុខ (EBA) រាជរដ្ឋាភិបាល អាចដោះស្រាយជាមួយ សហភាពអឺរ៉ុប (EU) បាន ដើម្បីបញ្ចៀសការបាត់បង់ ហើយបន្ដ ឬមិនបន្ដ ស្ថិតក្នុងការសម្រេចចិត្ត របស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

សហភាពអឺរ៉ុប នឹងសម្រេចចិត្តជាចុងក្រោយ ត្រូវដកហូត ឬរក្សាទុក EBA នៅកម្ពុជាបន្ដទៀត នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ បន្ទាប់ពីបានរកឃើញ ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា ។ EBA ធ្វើឲ្យកម្ពុជាចំណេញពន្ធនាំទំនិញ ចូលសហភាពអឺរ៉ុប ប្រមាណជា៧០០លានដុល្លារក្នុង១ឆ្នាំៗ។

ក្នុងករណីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តែងតែប្រកាសថា លែងខ្វាយខ្វល់ ព្រោះមិនអាចដោះដូរ ជាមួយអាធិបតេយ្យភាពកម្ពុជាឡើយ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី យុនាការ ដើម្បីរក្សា EBA នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ លោក រ៉ុង ឈុន មាន ប្រសាសន៍ថា «យើងចង់ឲ្យលោកនាយករដ្ឋមន្ដ្រី ត្រូវតែសម្រួបសម្រួល ទទួលយកនូវសំណើ របស់សហភាពអឺរ៉ុប ដើម្បីបញ្ចៀស នូវការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ ជាពិសេស យើងមិនចង់ឃើញកម្មករខ្មែរ អត់ការងារ នោះទេ។ ខ្ញុំគិតថា លោកនាយករដ្ឋមន្ដ្រី គាត់នឹងពិនិត្យ ពិចារណា»។

លោករំលឹកថា ស្ថានភាពនយោបាយកម្ពុជា តាំងពីឆ្នាំ១៩៩៣មក អ្នកដឹកនាំនីមួយៗ តែងតែដោះស្រាយបាន នូវនយោបាយជាប់គាំ ដូច្នេះស្ថានភាពបែបនេះ អត់មានអ្វីចំឡែកឡើយ។

លោកបញ្ជាក់ថា «នៅពេលដែលមានអន្ដរាមន៍ ស្រែកខាងនេះចឹងទៅ ជិតដល់ថ្ងៃឱសានវាទមកដល់ ស្ថានភាពដែលយើងនឹកស្មានមិនដល់ អាចបន្ធូរទាំងអស់ ទៅជានាគ្នាឡើងវិញ រឿងកន្លងមកអីចឹង។ យើងគិតថា រឿងនេះក៏ដូចគ្នាអីចឹងដែរ ស្ថិតនៅក្នុងយុទ្ធសាស្ដ្រ។ បើសិនដោះស្រាយភ្លាមៗ ទៅវាធ្វើឲ្យគូភាគីម្ខាងទៀត អីចឹងគេស៊ីពេលអីចឹងទៅ ដើម្បី ឲ្យគួភាគីម្ខាងទៀត បាត់បង់ឱកាសផងដែរ។ អីចឹងវាស្ថិតក្នុងផែនការយុទ្ធសាស្ដ្រ ពេលវេលានេះ ខ្ញុំគិតថា ពេលវេលា សមស្រប ទោះបីយើងមើលឃើញថា នៅខ្លីតែអាចរក ដំណោះស្រាយបាន»។

មេសហជីពកម្ពុជា អះអាងថា EBA មិនស្ថិតក្នុងដៃរបស់ សហភាពអឺរ៉ុបឡើយ ដូច្នេះ EBA បាត់បង់ ឬមិនបាត់បង់ ស្ថិតក្នុងដៃរបស់រាជរដ្ឋាភិបាល។លោកថា រាជរដ្ឋាភិបាល គ្រាន់តែសម្រួបខ្លួនតាមការលើកឡើងរបស់ សហភាពអឺរ៉ុប EBA នឹងរក្សាបន្ដទៀត ។

មេសហជីពកម្ពុជាថា គោលបំណង របស់សហជីពកម្ពុជាចង់ឲ្យ EBA និង GSP នៅបន្ដទៀត ដើម្បីឲ្យកម្ពុជា មានការរីកចម្រើនបន្ថែម៕
ដោយ ៖ អេង ប៊ូឆេង

To Top