ព័ត៌មានជាតិ

ធនាគារជាតិព្យាករថា ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជា អាចសម្រេចបានក្នុងរង្វង់៧% ជាមួយនឹងកម្រិតអតិផរណា ២,៣%

ភ្នំពេញ ៖ ធានាគារជាតិនៃកម្ពុជា បានធ្វើការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០នេះ នឹងអាចសម្រេចបានក្នុងរង្វង់ ៧% ជាមួយនឹងកម្រិតអតិផរណា ប្រមាណ ២,៣%។

យោងតាមលិខិតរបស់ ធានាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ បានបញ្ជាក់ថា «ទោះយ៉ាងណា កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០ ត្រូវបានរំពឹងថាអាចសម្រេចបានក្នុងរង្វង់ ៧% ជាមួយនឹងកម្រិតអតិផរណាប្រមាណ ២,៣%»។

ធានាគារជាតិ បន្ដថា ការរំពឹងទុកនេះផ្អែកលើការព្យាករណ៍ ពីការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ដែលនឹងរួមចំណែកផ្តល់ភាពអំណោយផល ដល់ការនាំចេញវិនិយោគបរទេស និងវិស័យទេសចរណ៍កម្ពុជា ស្របពេលដែលសេដ្ឋកិច្ច ទទួលបានលទ្ធផលជាលំដាប់ ពីការធ្វើពិពិធកម្មមូលដ្ឋានកំណើន និងការកែទម្រង់ស៊ីជម្រៅ សម្រាប់គាំទ្រដល់ការរីកចម្រើន នៃសេដ្ឋកិច្ចប្រកបដោយចីរភាព។

ផ្ទាំងពាណិជ្ជកម្ម

ធានាគារជាតិ អះអាងថា ការនាំចេញរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងបន្តមានកំណើនក្នុងអត្រាខ្ពស់ ពិសេស ការនាំចេញទំនិញសម្រាប់ធ្វើដំណើរ ទំនិញកម្មន្តសាលផ្សេងៗ ទោះបីជា កំណើនការនាំចេញសម្លៀកបំពាក់ អាចថមថយល្បឿនក៏ដោយ។

សូមរំលឹកថា មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២០ អាច កើនឡើងមកវិញ ដោយសារភាពតានតឹង ពាណិជ្ជកម្មពិភពលោក អាចធូរស្រាល បន្ទាប់ពីការចរចារវាងសហរដ្ឋអាមេរិក និងចិន បានចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមាន ហើយបញ្ហា Brexit ក៏អាចលេចឡើង នូវដំណោះស្រាយនាពេលខាងមុខ៕ ដោយ ៖ អេង ប៊ូឆេង

To Top
×