ភ្នំពេញ ៖ ក្រុមជួយ សង្គ្រោះ ៧១១ នៅល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ បាននិងកំពុងចេញដំណើរ តាមឧទ្ធម្ភាគចក្រ ទៅកាន់ខេត្តកែបហើយ ដើម្បីជួយសង្គ្រោះកម្មករ ដែលជាប់ក្នុងគំនរបាក់បែក។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងចេញទៅខេត្តកែប នៅពេលបន្តិចទៀតនេះ ដើម្បីចូលរួមដឹកនាំការរុករកសង្រ្គោះកម្មករ ដែលកំពុងជាប់នៅក្រោមអាគារដែលដួលរលំ។
ក្រុម សមត្ថកិច្ច បានជួយសង្គ្រោះមនុស្ស បាន១៣ នាក់ហើយ ក្នុងករណីបាក់អាគារ នៅខេត្តកែប ។
សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។
ចំណែក លោកកែវ វី អ្នក នាំ ពាក្យ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយបានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី៣ ខែ មករា ឆ្នាំ ២០២០នេះថា មន្រ្តីគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ និងកម្លាំង៧១១ កំពុងចេញដំណើរចុះទៅជួយសង្រ្គោះពលរដ្ឋ ក្នុងករណីបាក់រលំអគារ នៅខេត្តកែប ខណៈកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន កំពុងអន្តរាគមន៍ចុះជួយសង្រ្គោះ និងយកមនុស្សចេញបាន ជាបន្តបន្ទាប់ហើយ៕