នយោបាយ

លោក កឹម សុខា នឹងទទួលជួប សមាជិកសភានិងសង្គមស៊ីវិល ស៊ុយអែត នៅថ្ងៃស្អែក

ភ្នំពេញ៖ ក្រៅពីជួបជាមួយតំណាង ស្ថានទូតនិងថ្នាក់ដឹកនាំ មកពីបណ្ដាប្រទេស លោកខាងលិច និងសហភាពអឺរ៉ុប នៅឆ្នាំចាស់លោក កឹម សុខា អតីតប្រធាន គណបក្សសង្គ្រោះជាតិ នឹងទទួលជួប សមាជិកសភា និងសង្គមស៊ីវិល ស៊ុយអែត នៅល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ស្អែកនេះបន្ថែមទៀត។

យោងតាមហ្វេសប៊ុក របស់លោក មុត ចត្ថា បានឲ្យដឹងថា សមាជិកសភា មកពីគណបក្ស សង្គមប្រជាធិបតេយ្យ ស៊ុយអែដ (Swedish Social Democratic Party) និងមេដឹកនាំ សង្គមស៊ីវិលស៊ុយអែត មួយចំនួន នឹងអញ្ជេីញមកជួបសំណេះសំណាល និងសួរសុខទុក្ខលោក កឹម សុខា តាមកាលបរិច្ឆេទ ពេលវេលា និងទីកន្លែង ដូចខាងក្រោម ៖

-ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០
-ម៉ោង ៦ល្ងាច
-នៅគេហដ្ឋានរបស់លោក កឹម សុខា លេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

*គណបក្សសង្គមប្រជាធិបតេយ្យ (Social Democratic Party ឬ Social Democrats) គឺជាគណបក្សដែល មានអាយុកាលយូរ(១៨៨៩, ១៣០ឆ្នាំ) និងធំជាងគេបំផុត នៅរាជាណាចក្រស៊ុយអែត។ គណបក្សនេះកំពុងដឹកនាំ រដ្ឋាភិបាលប្ចុប្បន្ន ដោយមានអាសនៈសភា ១១៣អាសនៈ លើ ៣៤៩អាសនៈទាំងមូល នៃរដ្ឋសភាស៊ុយអែត។

*តំណាងសង្គមស៉ីវិល ស៊ុយអែត Swedwatch, Civil Rights Defenders និង Initiative Cambodia

លោក មុត ចន្ថា គូសបញ្ជាក់ថា “លោក កឹម សុខា បន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសនានា ដើម្បីបំម្រើ ការពារ កសាង នូវអ្វីដែលជាផលប្រយោជន៍ របស់ប្រទេសនិងប្រជាពលរដ្ឋខ្មែរ ទាំងអស់គ្នា៕

ដោយ បាន ធារ៉ូ

To Top