ព័ត៌មានជាតិ

រាជរដ្ឋាភិបាល លើកទឹកចិត្តយុវជនកម្ពុជា ឲ្យចូលរួមសកម្មភាពនយោបាយ(វីដេអូ)

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយលើកកម្ពស់ និងលើកទឹកចិត្តដល់យុវជនកម្ពុជា ឲ្យចូលរួម ក្នុងសកម្មភាពនយោបាយ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក KazuyukI NAKANE សមាជិករដ្ឋសភា និងជាអតីតរដ្ឋលេខាធិការ ក្រសួងការបរទេសជប៉ុន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ សម្ដេចមានប្រសាសន៍ថា «បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយលើកកម្ពស់ និងជំរុញលើកទឹកចិត្តដល់យុវជនកម្ពុជា ឲ្យចូលរួម នៅក្នុងសកម្មភាពនយោបាយ ក៏ដូចជា ចូលរួមនៅក្នុងសកម្មភាពកសាង និងអភិវឌ្ឍន៍សង្គមជាតិផងដែរ ជាពិសេស លើកកម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងសង្គម»។

សម្ដេចបន្ដថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាច្រើន ក្នុងការជំរុញយុវជនវ័យក្មេង ចូលរួមក្នុងសកម្មភាពសង្គម ហើយរាជរដ្ឋាភិបាល ក៏កំពុងតែខិតខំប្រើប្រាស់ នូវសក្តានុពលនៃធនធានមនុស្សវ័យក្មេងនេះ ក្នុងការអភិវឌ្ឍសង្គមជាតិ ឲ្យកាន់មានប្រសិទ្ធភាពផងដែរ។

ចំណែក លោក KazuyukI NAKANE បានមើលឃើញ នូវវឌ្ឍនភាពរបស់កម្ពុជា និងមើលឃើញយុវជនកម្ពុជា កាន់តែមានភាពរស់រវើក ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន ប្រកបដោយក្តីសង្ឃឹមផងដែរ៕ ដោយ ៖ អេង ប៊ូឆេង

To Top