ព័ត៌មានជាតិ

លោក កឹម សុខា បដិសេធការចោទប្រកាន់ទាំងឡាយ ពាក់ព័ន្ធអំពើក្បត់ជាតិ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ លោក កឹម សុខា បានផ្ញើសារ ដោយបានបដិសេធរាល់ការចោទប្រកាន់ មកលើលោកអំពីការក្បត់ជាតិ។

លោកបានលើកឡើង ក្នុងហ្វេសប៊ុកថា “ខ្ញុំបដិសេធទាំងស្រុង នូវការចោទប្រកាន់មកលើរូបខ្ញុំ ពីបទសន្ទិដ្ឋិភាពជាមួយ បរទេស។ ខ្ញុំមិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណា មកប្រទូសរ៉ាយ ឬឈ្លានពាន ព្រះរាជាណាចក្រកម្ពុជាឡើយ។ខ្ញុំមិនបានប្រព្រឹត្តដូចការចោទនេះទេ ជាពិសេស ខ្ញុំមិនបានប្រព្រឹត្តនូវអំពើទាំង ឡាយណាដែលនាំឲ្យប៉ះពាល់ ដល់ផលប្រយោជន៍ប្រទេសជាតិឡើយ” ។

លោកថា សកម្មភាពទាំងអស់របស់លោក គឺផ្តោតលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយអហិង្សា និងសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។

លោកឲ្យដឹងទៀតថា គ្រប់សកម្មភាពនយោបាយ គឺផ្តោតលើការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ។ លោកនៅតែទាមទារ ឲ្យតុលាការទម្លាក់ចោល ជាស្ថាពរចំពោះបទចោទ ដើម្បីអាចអនុវត្តបាននូវសិទ្ធិ សេរីភាពនយោបាយពេញលេញ ក្នុងការចូល រួមបម្រើជាតិមាតុភូមិ និងការពារផលប្រយោជន៍ របស់ប្រជាពលរដ្ឋខ្មែរ៕

To Top