ព័ត៌មានជាតិ

មុខសញ្ញាចេញពីពន្ធនាគារ លួចដុតផ្ទះប្រជាពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ឆេះអស់ ៣ខ្នង

កំពង់ចាម ÷ បុរសម្នាក់ដែលសមត្ថកិច្ចស្គាល់ថា ជាមុខសញ្ញាចេញពីពន្ធនាគារ នៅវេលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី ១៤ ខែមករាឆ្នាំ ២០២០ បានធ្វើសកម្មភាព លួចដុតផ្ទះប្រជាពលរដ្ឋឆេះអស់ ៣ ខ្នង នៅក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

តើមន្ត្រីនគរបាល នៃអធិការរដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ មានករណីអគ្គិភ័យ បានឆេះផ្ទះរបស់ឈ្មោះ នៅ ឡងឌី ភេទប្រុស អាយុ៥៦ឆ្នាំ ១ខ្នង ទំហំ ៥ ម៉ែត្រគុណ ៦ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ខូចខាតទាំងស្រុង និងផ្ទះឈ្មោះ លីម សុខលីន ភេទស្រី អាយុ៤០ឆ្នាំ ផ្ទះសង់ពីឈើប្រក់ស័ង្កសី មានទំហំ ៤mx៥m (ឆេះទាំង ស្រុង) និងផ្ទះរបស់ឈ្មោះ សុខ ផៃ ភេទស្រី អាយុ៦៦ឆ្នាំ ផ្ទះសង់ពីឈើប្រក់ស័ង្កសី មានទំហំ ៥mx៧m ឆេះទាំងស្រុង ហើយករណីនេះ មិនមានមនុស្សគ្រោះ ថ្នាក់ ឬរងរបួសទេ ។

សមត្ថកិច្ចឲ្យដឹងទៀតថា ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាន នគរបាលស្រុកស្ទឹងត្រង់ បានចុះទៅដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវស៊ើបអង្កេត ហើយកំណត់បានជនសង្ស័យម្នាក់ ជាអ្នកដុតមានឈ្មោះ ស៊ិន ដែត ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកើតហេតុ និងជាមុខសញ្ញា ដោះលែងពីពន្ធនាគារ ក្នុងករណីហិង្សា មានស្ថានទម្ងន់ទោស ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះស៊ិន​ ដែត បញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី៕

To Top