ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច ៖ ការដាក់ចេញគោល នយោបាយគ្រប់គ្រង សំណល់រឹង ទីប្រជុំជន ដើម្បីដោះស្រាយ បញ្ហាប្រឈម

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ការដាក់ចេញនូវគោលនយោបាយ ស្តីពី គ្រប់គ្រងសំរាមសំណល់រឹង ទីប្រជុំជនដើម្បីដោះស្រាយបញ្ហា ប្រឈមនាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ពិសេសលើកកម្ពស់ សុខភាពសាធារណៈ និងសោភ័ណភាពទីប្រជុំជន ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានលើកឡើងថា ជាមួយ ដំណើរឆ្ពោះទៅមុខ នៃកិច្ចអភិវឌ្ឍធ្វើទំនើបកម្ម និងនិរន្តរភាពទីក្រុង ក៏ដូចជា ការបន្សាំខ្លួនទៅនឹងបរិបទសកល នៃការរស់នៅប្រកបដោយចីរភាព ការមានជីវភាពកាន់តែប្រសើរឡើង របស់ប្រជាពលរដ្ឋកម្ពុជា តម្រូវការមូលដ្ឋានចម្បងរបស់ពួកគាត់ គឺការផ្លាស់ប្តូរទម្លាប់នៃការរស់នៅ ដែលមានផាសុកភាព និងសុខមាលភាពសាធារណៈ ។

ក្រសួងសេដ្ឋកិច្ចបន្ដថា ជាកិច្ចឆ្លើយតបទៅនឹងតម្រូវជាក់ស្តែង របស់ប្រជាពលរដ្ឋ ការគាំពារនូវគុណភាពទីក ដី ខ្យល់ ពីការបំពុលគឺត្រូវដើរទន្ទឹមគ្នានឹងកិច្ចអភិវឌ្ឍន៍នានា ដែលក្នុងនោះការទប់ស្កាត់ការបំពុល ពីសំរាមសំណល់រឹងទីប្រជុំជន ជាកិច្ចការចម្បងមួយក្នុងកិច្ចការចម្បងធំៗ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ដោះស្រាយជាបន្ទាន់ និងជានិរន្ត ។

ក្រសួងបន្ថែមថា ការពង្រឹងកិច្ចការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន គឺត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចាប់តាំងពីចំណុចបង្កើតសំរាមសំណល់រឹង រហូតដល់ការការច្នៃ និងទុកដាក់ចុងក្រោយនៃសំរាមសំណល់រឹងទាំងនេះ ដោយត្រូវស្ថិតនៅក្រោមក្រប ខណ្ឌគោលនយោបាយ ផែនការសកម្មភាព និងវិធានការអនុវត្តន៍ជាក់លាក់ច្បាស់លាស់។

ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា “ក្នុងន័យនេះការដាក់ចេញនូវគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នេះគឺជាកិច្ចការបន្ទាន់ និងប្រកបដោយសារវន្ត ក្នុងការដោះស្រាយនូវបញ្ហាប្រឈម នាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ សោភ័ណភាពទីប្រជុំជន និងការពារប្រព័ន្ធអេក្ខឡូស៊ី ដែលជាឧត្តមប្រយោជន៍ជាតិ” ៕ ដោយ អេង ប៊ូឆេង

To Top