ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ឲ្យអនុវត្តវិធានការ រដ្ឋបាលចំពោះអ្នករឹងរូស មិនព្រមទទួលយកដីឡូតិ៍ តាមការសម្រេច របស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី នៅតំបន់អភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ

ភ្នំពេញ៖ ដើម្បីឈានទៅបញ្ចប់ ទំនាស់ដ៏រ៉ាំរៃ រាប់សិបឆ្នាំកន្លងមក ឲ្យបានចប់ជាស្ថាពរ ក្នុងឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រចំពោះ សំណើរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានស្នើសុំបន្ត អនុវត្តវិធានការរដ្ឋបាល ចំពោះអ្នករឹងរូស មិនព្រមទទួលយកដីឡូតិ៍ តាមការសម្រេច របស់អាជ្ញាធរជាតិ ដោះស្រាយ ទំនាស់ដីធ្លីនៅតំបន់ អភិវឌ្ឍន៍ខណ្ឌឫស្សីកែវ ។

យោងតាមសេក្ដី ជូនដំណឹង របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២០បានបញ្ជាក់ថា “ទន្ទឹមនេះ រដ្ឋបាល រាជធានីភ្នំពេញ ត្រូវបន្តសម្របសម្រួល និងដោះស្រាយបញ្ហានេះ ប្រកបដោយតម្លាភាព និងស្របតាម គោលការណ៍ច្បាប់ជាធរមាន ព្រមទាំងខិតខំ បញ្ចៀសឲ្យបាន នូវអំពើហិង្សា ដែលអាចកើតមានឡើង ជាយថាហេតុ”។

វិធានការរបស់ ក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសរសេរលិខិតមួយច្បាប់ កាលពីថ្ងៃទី៨ ខែ មករា ឆ្នាំ ២០២០ សូមគោរពជម្រាបជូន សម្តេចក្រឡាហោម មេត្តាជ្រាបថាទំនាស់ដី តំបន់អភិវឌ្ឍន៍ឫស្សីកែវ បានអូសបន្លាយជាច្រើនឆ្នាំ និងមានយន្តការ ដោះស្រាយច្រើនស្ថាប័ន ជាបន្តបន្ទាប់ ហើយចុងក្រោយ រាជរដ្ឋាភិបាល បានប្រគល់ជូន អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ដោះស្រាយ។ ក្រោយពីទទួល គោលការណ៍ របស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ព្រមទាំងអនុវត្ត តាមការប្រគល់ ភារកិច្ចរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធាន អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី រដ្ឋបាលរាជធានីភ្នំពេញ បានចុះអនុវត្តវិធានការ រដ្ឋបាលចំពោះក្បាលដី ឈ្មោះ ព្រំ បូរ និងឈ្មោះ គង់ ទី ក្នុងតំបន់ អភិវឌ្ឍន៍ឫស្សីកែវ ដើម្បីយកទីតាំងដី ដែលរំលោភកាន់កាប់ ខុសច្បាប់ប្រគល់ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលបានទិញ ពីសាលាក្រុងភ្នំពេញ ដែលមានសេចក្តីសម្រេច របស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី។

លោក ឃួង ស្រេងឲ្យដឹងបន្ថែមថា មុនពេលអនុវត្តវិធានការ រដ្ឋបាល រដ្ឋបាលរាជធានី ភ្នំពេញ ក៏ដូចជា រដ្ឋបាលខណ្ឌឫស្សីកែវ បានជូនដំណឹង ជាច្រើនលើកច្រើនសារ រហូតមានប្រជាពលរដ្ឋ ដែល ស្នាក់នៅ និងជួលនៅលើទីតាំងដី ទំនាស់បានស្ម័គ្រចិត្ត រុះរើជាច្រើនគ្រួសារ លើកលែង តែសាច់ញាតិ របស់ឈ្មោះ
ព្រំ បូរ និងឈ្មោះ គង់ ទី មិនព្រមអនុវត្ត តាមសេចក្តីជូនដំណឹង ទើបនៅថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០១៩ គណៈ
កម្មការចុះអនុវត្ត វិធានការរដ្ឋបាល ចំពោះក្បាលដីឈ្មោះ ព្រំ បូរ និងឈ្មោះ គង់ ទី ដោយបានទទួលលទ្ធផល
ដូចតទៅ៖
១-ពាក់ព័ន្ធក្បាលដី ឈ្មោះ ព្រំ បូរ ដែលរឹងរូសមិនព្រម អនុវត្តតាមសេចក្តី ជូនដំណឹង របស់រដ្ឋបាល រាជធានី គណៈកម្មការ បានសម្រេចធ្វើការ រុះរើសំណង់ ហើយយកទីតាំងដី ដែលគាត់កាន់កាប់ ខុសច្បាប់មក បែងចែកជូនប្រជាពលរដ្ឋ ចំនួន១៧៦គ្រួសារ ដែលកំពុងរស់នៅ មានសំណង់មិនរៀបរយ នៅលើផ្លូវសាធារណៈ និងដីរបស់ ប្រជាពលរដ្ឋ ៦៥គ្រួសារ។ ដូចនេះ ការអនុវត្តលើក្បាលដី របស់ឈ្មោះ ព្រំ បូរ ពិតជាបានដោះស្រា បរជូនប្រជាពលរដ្ឋ ចំនួន ១៧៦គ្រួសារ និងបញ្ចប់បញ្ហា ជាមួយប្រជាពលរដ្ឋ ចំនួន ៦៥គ្រួសារ ស្មើនឹង៧៨ ក្បាលដីដែល មានឯកសារ តែមិនអាចចូល កាន់កាប់ដីបាន។

២-ពាក់ព័ន្ធក្បាលដី ឈ្មោះ គង់ ទី នៅពេលគណៈកម្មការ ចុះទៅអនុវត្តរយៈពេល១ថ្ងៃពេញ ពុំមានភាគីណាមួយ តំណាងឱ្យឈ្មោះ គង់ ទី ឬឈ្មោះ គង់ ទី ចេញមកតវ៉ានោះទេ ព្រោះថាមុនពេលអនុវត្ត វិធានការរដ្ឋបាល គឺរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌឫស្សីកែវ បានចេញសេចក្តី ជូនដំណឹងជាច្រើន លើកច្រើនសារ រហូតដល់អ្នកកំពុង ជួលដីរបស់ឈ្មោះ គង់ ទី បានស្ម័គ្រចិត្តរើឥវ៉ាន់ជួល និងអ្នកមួយចំនួនទៀត បានរើឥវ៉ាន់ ពេលកំពុងអនុវត្ត ហើយដីដែលដកហូត ពីឈ្មោះ គង់ ទី បានយកទៅបែងចែក ជូនប្រជាពលរដ្ឋ ចំនួន១២ឡូតិ៍ និងជូនទៅឈ្មោះ គង់ ទី ខ្លួនឯងចំនួន៥ឡូតិ៍ តាមសេចក្តីសម្រេច របស់អាជ្ញាធរជាតិ ដោះស្រាយ ទំនាស់ដីធ្លី។ ប៉ុន្តែរយៈពេល១ថ្ងៃក្រោយ មកទើបលេចចេញឈ្មោះ សេក សុភក្ត្រសឿមូនា និងបក្ខពួកចេញ មុខមកអះអាងថា គាត់ជាម្ចាស់ដី និងទៅបំផ្លិចបំផ្លាញព្រំដី និងរបង ដែលគណៈកម្មការ ប្រគល់ជូនប្រជាពលរដ្ឋ
នាំឱ្យមានទំនាស់ កើតឡើង រវាងប្រជាពលរដ្ឋ ដែលទទួលបានដី និងឈ្មោះ សេក សុភក្ត្រសឿមូនា។

ទោះបីជា រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តតាមគោលការណ៍ ដែលបានប្រគល់ឱ្យក៏ដោយ ក៏ អ្នករឹងរូសមួយចំនួន នៅតែបន្តប្តឹង ទៅគ្រប់ស្ថាប័ន ដើម្បីបង្អង់ ការអនុវត្តរបស់ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើឱ្យ ប្រជាពលរដ្ឋចំនួន ជាង៣៣៨គ្រួសារ ដែលកំពុងរង់ចាំ ទទួលយកការបែងចែក ដីឡូតិ៍ នឹងបាត់បង់ទំនុកចិត្ត ចំពោះចំណាត់ការ របស់រដ្ឋបាលរាជធានីភ្នំពេញ ហើយបញ្ហានេះ អាចនឹងកាន់តែ ស្មុគស្មាញ ជាពិសេសអាច កើតមានការប្រមូលផ្ដុំ តវ៉ាពីសំណាក់បងប្អូន ប្រជាពលរដ្ឋប្រឈមនឹង បុគ្គលរឹងរូសទាំង៨ឈ្មោះ។

ដូច្នេះ ដើម្បីផ្តល់ជំនឿទុកចិត្ត ដល់ប្រជាពលរដ្ឋ ជាង៣០០គ្រួសារ ដែលរងចាំ ទទួលការបែងចែក ដីឡូតិ៍ និងអនុវត្តសេចក្តី សម្រេចរបស់ អាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី ស្ថិតនៅតំបន់ អភិវឌ្ឍន៍ឫស្សីកែវ នោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងខិតខំដោះស្រាយ ឱ្យអស់លទ្ធភាព និងគោរពស្នើសុំ សម្តេចក្រឡាហោម

ឧបនាយករដ្ឋមន្ត្រី មេត្តាអនុញ្ញាតឱ្យ រដ្ឋបាលរាជធានីភ្នំពេញ បន្តអនុវត្តវិធានការរដ្ឋបាល ចំពោះអ្នករឹងរូស មិនព្រមទទួលយក ដីឡូតិ៍ តាមការសម្រេច របស់អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ដើម្បីឈានទៅបញ្ចប់ ទំនាស់ដ៏រ៉ាំរ៉ៃ ឱ្យបានចប់ជាស្ថាពរ ក្នុងឆ្នាំ២០២០នេះ។

ប្រវត្តិរឿង៖ស្រ្តីម្នាក់ ដឹកនាំកម្លាំងប្រជាពលរដ្ឋ វាយហែករបងយ៉ាងបំពាន ចូលកាន់កាប់ដី៨ឡូតិ៍ ដែលមានម្ចាស់កម្មសិទ្ធិ ស្របច្បាប់នៅ សង្កាត់ទួលសង្កែ

ភ្នំពេញ៖ នៅថ្ងៃទី៥ខែមករា ឆ្នាំ ២០២០នេះ មានករណីស្រ្តីម្នាក់ ដែលមិនបង្ហាញ អត្តសញ្ញាណ ពាក់ម៉ាស់ ដើម្បីព្យាយាមបិទបាំងមុខ បានដឹកនាំកម្លាំង ប្រជាពលរដ្ឋមួយក្រុម ធ្វើការវាយហែករបង យ៉ាងបំពានមិនខ្លាច ញញើតច្បាប់ ចូលលុកលុយកាន់កាប់ លើដីចំនួន៨ឡូតិ៍ ស្ថិតនៅលើផ្លូវ ជា សុផារ៉ា ចំណុចសង្កាត់ ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ខណៈដែលម្ចាស់ទីតាំងដី ទាំងនោះមានបណ្ណកម្មសិទ្ធិ កាន់កាប់ស្របច្បាប់ ដែលចេញដោយអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី។

ម្ចាស់ដីរងគ្រោះទាំង៨ឡូតិ៍ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថាពួកគាត់សុទ្ធសឹង ជាគ្រូបង្រៀន មន្រ្តីរាជការ និងជាម្ចាស់កម្មសិទ្ធិ ដីស្របច្បាប់ មានការទទួលស្គាល់ វាស់វែងបែងចែក ត្រឹមត្រូវនិងទទួលបាន ការការពារពីអាជ្ញាធរ ទៀតផងហេតុអ្វីស្រាប់តែ នៅថ្ងៃនេះមានស្រ្តីម្នាក់ ពាក់ម៉ាស់បាំងមុខ ដឹកនាំកម្លាំងប្រជាពលរដ្ឋ វាយបើករបងចូលកាន់កាប់ លើទីតាំងដីរបស់គាត់ និងជនរងគ្រោះដទៃទៀត ទាំងបំពានទៅវិញ។

អ្វីដែលឲ្យអស់សំណើចនោះ ស្រ្តីជើងឆើត ដែលដឹកនាំកម្លាំង ពលរដ្ឋវាយបើករបង ហើយនោះបាននាំគ្នា ធ្វើការបិទរបងឡើងវិញ ហើយពួកគេសម្ងំ នៅក្នុងរបងនោះតែម្ដង។
ម្ចាស់ដីរងគ្រោះទាំង៨ឡូតិ៍ បានលើកឡើងបន្ថែមថា ពួកគាត់់បានទទួល សិទ្ធិធ្វើរបងហ៊ុមព័ទ្ធ គឺអាជ្ញាធរដែនដី ជាអ្នកចុះមកការពារសិទ្ធិ ឲ្យពួកគាត់ធ្វើរបង។ ជាងនេះទៅទៀត ដីរបស់ពួកគាត់ទទួលបាន ការបែងចែកយ៉ាងត្រឹមត្រូវ ពីអាជ្ញាធរគ្រប់លំដាប់ ជាពិសេសពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ ដីធ្លីតែម្ដង។

ម្ចាស់ដីរងគ្រោះ ខាងលើបានអះអាងបន្ថែមថា ដីរបស់គាត់មាន បណ្ណកម្មសិទ្ធិ ត្រឹមត្រូវដែលមាន ការទទួលស្គាល់ តាមរយៈសេចក្ដីសម្រេច ស្ដីពីការផ្ដល់សុពលភាព លើដីឡូតិ៍ទិញ ពីអតីតសាលារាជធានីភ្នំពេញ លើកទី៨ ចុះថ្ងៃទី២៧ ខែ មករា ឆ្នាំ ២០១៧ដែលចុះហត្ថលេខា ដោយ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន និងជាប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី។ ដូច្នេះជនរងគ្រោះទាំងអស់ សូមសំណូមពរឲ្យ អាជ្ញាធរមានសមត្ថកិច្ច ចុះចាត់វិធានឲ្យបានតឹងរ៉ឹង ចំពោះជនខិលខូច ដែលមានបំណងរំលោភយកដីធ្លី របស់ប្រជាពលរដ្ឋ យ៉ាងកម្រោលបែបនេះ។

ជាចុងក្រោយម្ចាស់ដី រងគ្រោះទាំង៨ឡូតិ៍ សូមគោរពស្នើដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មេត្តាជួយរកយុត្តិធម៌ ឲ្យពួកគាត់ជា ជនរងគ្រោះជាង២០ឆ្នាំ មកហើយ ដែលមិនអាចចូលកាន់កាប់ ដីឡូតិ៍ដែលជាកម្មសិទ្ធិ របស់ខ្លួនបានទៅវិញ ៕

To Top