ភ្នំពេញ ៖ ឆ្លើយតបទៅនឹងចម្ងល់ របស់មហាជនកម្ពុជា ទូទាំងប្រទេសថា ហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជា មិនបិទជើងការហោះហើរ ពីចិនមកកម្ពុជា ដើម្បីកុំឲ្យឆ្លងជំងឺ រលាកសួត ប្រភេទថ្មីកូរ៉ូណាវីរុស? ចម្ងល់នេះ ត្រូវបានស្រាយបំភ្លឺពីលោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន នៃអាកាសចរស៊ីវិលថា មិនអាចបិទបានឡើយ ព្រោះកាលណា បិទអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋជាតិទាំងមូល ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកបញ្ជាក់ថា ចំពោះជើងហោះហើរ ពីក្រុងវូហាន មកកាន់កម្ពុជា គឺបានបិទតាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០មកម្ល៉េះ ។
ប្រជាពលរដ្ឋខ្មែរ និងលោក ពេជ្រ ស្រស់ បានស្នើឲ្យមានការបិទជើងហោះហើរទាំងមូល ក្រោយពីមន្រ្តីសុខាភិបាលកម្ពុជា បានរកឃើញករណីឆ្លងជំងឺប្រភេទថ្មីនេះ កាលពីថ្ងៃ២៧ មករា ទៅលើបុរសជនជាតិចិនម្នាក់ អាយុជាង៦០ឆ្នាំ ដែលធ្វើដំណើរមកពីក្រុងវូហាន ប្រទេសចិន ជាទីដែលនាំឲ្យកើតជំងឺកូរ៉ូណា ដើម្បីបង្កាជំងឺប្រភេទថ្មីនេះ។
បើតាមការអះអាង របស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC រហូតដល់ថ្ងៃត្រង់២៨ មករា ស្ថានភាពសុខភាពល្អបុរសនោះ គ្មានរោគសញ្ញាធ្ងន់ធ្ងរអ្វីទេ ។ ក្នុងនោះ ក៏បានរកឃើញអ្នកប៉ះពាល់ និងជិះយន្តហោះជាមួយអ្នកជំងឺ ដោយរហូតពេលនេះ ពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយ ។
ជាមួយគ្នានេះ ក្រុមគ្រូពេទ្យថែទាំអ្នកជំងឺ ក៏គ្មានចេញរោគសញ្ញាអ្វីទេ ហើយគ្រប់គ្រូពេទ្យបំរើការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងដំណើរការងារក្នុងមន្ទីរពេទ្យជាធម្មតា ។
សម្រាប់ប្រទេសក្បែរខាងវិញគឺហ្វីលីពីន ដើម្បីបង្ការជំងឺដ៏កាចសាហាវនេះ លោក ឌូ ឌឺតេ ជាប្រធានាធិបតីក៏ប្រកាសបិទជើងហោះហើរ ពីចិនមកហ្វីលីពីនផងដែរ។ ចំណែកថៃវិញ នាយករដ្ឋមន្រ្តី លោកប្រយុទ្ធ ចាន់អូចារ ក៏បានប្រកាសកុំឲ្យពលរដ្ឋខ្លួនភ័យព្រួយទៀត ព្រោះអាចទប់ស្កាត់ជំងឺនេះបាន ។
កាលពីពេលថ្មីៗនេះ ជំងឺរលាកសួតប្រភេទថ្មីកូរ៉ូណា បានវាយប្រហាមកលើប្រជាជនចិនដែលរស់នៅ ក្រុងវូហាន ខេត្តវូហាន ប្រទេសចិនយ៉ាងខ្លាំង ។ ក្រោយការផ្ទុះរីករាលដាលដោយជំងឺនេះ បានសម្លាប់ប្រជាជនចិន អស់ជាង១០០នាក់ជាង និងបានចម្លងជាង៤ពាន់នាក់ ។ ជាមួយគ្នានោះ រដ្ឋាភិបាលចិន ក៏បានប្រកាសបិទទីក្រុងវូហានផងដែរ ។
លោក ជា អូន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃ២៨ មករា ថា មិនមានជើងហោះហើរពីក្រុងវូហាន មកកម្ពុជាទៀតទេ តាំងពីថ្ងៃទី២៣ មករា ព្រោះចិនដឹងថា មានជំងឺរលាកសួតប្រភេទថ្មី កូរ៉ូណាកើតឡើង ដោយភ្លាមៗនោះ រដ្ឋាភិបាលចិនក៏មានគោលការណ៍សម្រេចបិទទីក្រុងចោល និងបិទជើងហោះហើរផងដែរ ។
ឆ្លើយតបចំពោះសំណួរថា តើមានការបិទជើងហោះហើរពីចិនមកកម្ពុជា លោកបញ្ជាក់យ៉ាងច្បាស់ៗថា “ពុំមានច្បាប់អីត្រូវបិទគេដែរ ដោយថា យោងទៅលើព័ត៌មាននៃការវាយតម្លៃ ប្រទេសចិននោះថា វូហានគឺជាចំណុចដែលហាមឃាត់ខ្ពស់ និងជាហានិភ័យខ្ពស់ ។ ចឹងទេ គាត់បានបិទទីក្រុងនុងមួយ ដើម្បីទប់ស្កាត់កុំឲ្យឆ្លងចូលមកខេត្តដទៃទៀត ។ ចឹងទៅយើងមិនមានរឿងអីត្រូវបិទទេ ព្រោះបើបិទអាចរាលដាលដល់ថៃ ដល់សាំងហ្គាពួរ ដល់វៀតណាម ។ បើយើងបិទទាំងអស់បានន័យថា ស្អីៗ នៅជាប់គាំង” ។
ចំពោះព័ត៌មានថា មានជនជាតិចិនប្រមាណជា៣ពាន់នាក់ មកពីក្រុងវូហានដែលបានផ្ទុះជំងឺកូរ៉ូណា ចូលមកក្នុងខេត្តព្រះសីហនុ លោកថា ពិតជាមានប្រាកដមែន ប៉ុន្តែភាគីពាក់ព័ន្ធបានយកចិត្តទុកដាក់ដើម្បីតាមដានអំពីស្ថានភាពនៃវិរុសនេះ ពីពួកគេយ៉ាងយកចិត្តទុកដាក់បំផុត ។
រហូតមកដល់ថ្ងៃ២៨ មករានេះ ជំងឺរលាកសួត កូរ៉ូណា វីរុសប្រភេទថ្មី បានឆ្លងដល់ប្រទេសចំនួន១៥ និងតំបន់ធំៗ៣ ។ បើតាមតារាងចេញផ្សាយដោយ Channel News Asia រកឃើញឆ្លងជំងឺកូរ៉ូណាវីរុសប្រភេទថ្មី គឺចិន ៤៣១៤ ករណី និងស្លាប់១០៦ នាក់ , ហុងកុង៨ករណី , ថៃ១៤ករណី , ម៉ាកាវ៦ករណី , អូស្ត្រាលី៥ករណី , តៃវ៉ាន់៥ករណី , សហរដ្ឋអាមេរិក៥ករណី , សិង្ហបុរី៥ករណី , ជប៉ុន៤ករណី , ម៉ាឡេស៊ី៤ករណី , កូរ៉េខាងត្បូង៤ករណី , បារាំង៣ករណី , កាណាដា២ករណី , វៀតណាម២ករណី , កម្ពុជា១ករណី , នេប៉ាល់១ករណី , ស្រីលង្កា១ករណី និងអាល្លឺម៉ង់១ករណី សរុបទាំងអស់អ្នកឆ្លងមាន៤៣៩៣ករណី ។
ដោយសារចិនជាដើមហេតុនាំឲ្យមានជំងឺប្រភេទថ្មីនេះ ក្រសួងហរិញ្ញវត្ថុ និងគណៈកម្មាធិការសុខាភិបាលជាតិចិន បានពង្រីកចំណាយប្រាក់៦០,៣៣ពាន់យ័ន ស្មើនឹង៨,៧៤ពាន់លានដុល្លារ ក្នុងដំណើរការជួយទប់ស្កាត់ ការរីករាលដាល។
ជាមួយគ្នានេះ ដើម្បីការពារសុវត្ថិភាព អាជ្ញាធរចិនបានបញ្ជូនក្រុមនិស្សិតខ្មែរចំនួន៣០នាក់ មកដល់កម្ពុជានៅព្រឹកថ្ងៃ២៨ មករា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
លោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹង ផ្អែកតាមការស្គែនប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតឃើញថា ក្រុមនិស្សិតទាំងនោះ ពុំមាននរណាម្នាក់មានផ្ទុកជំងឺកូរ៉ូណាឡើយ។
សម្រាប់កម្ពុជាក្រោយផ្ទុះវីរុសនេះមក ក្រសួងសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋពាក់ម៉ាស់គ្រប់គ្នា ប៉ុន្តែជនឆ្លៀតឱកាសមួយចំនួនបានតំឡើងថ្លៃ តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា បើសិនបានជួបប្រទះនូវការឡើងថ្លៃម៉ាស់ហួសហេតុខុសពីធម្មតា ត្រូវប្រញាប់ ប្រាប់អាស័យដ្ឋាន លេខទូរស័ព្ទ និង ឈ្មោះឱសថស្ថានទាំងនោះមកដល់រូបលោក ៕ ដោយ ធី លីថូ