ព័ត៌មានជាតិ

ស្វីសនឹងបន្ដផ្ដល់ ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ផ្ដោតលើការបណ្តុះបណ្តាល បច្ចេកទេស ជំនាញវិជ្ជាជីវៈ និងកសិកម្ម

ភ្នំពេញ ៖ លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូតស្វីស ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលស្វីស នឹងបន្តផ្តល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជា ជាពិសេស លើការបណ្តុះបណ្តាលបច្ចេកទេស ជំនាញវិជ្ជាជីវៈ និងកសិកម្ម ជាដើម ។ បើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លោកស្រី Helene Budliger Artieda មានប្រសាសន៍ថា « រដ្ឋាភិបាលស្វីស នឹងបន្តផ្តល់ហិរញ្ញប្បទានឥតសំណង ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស លើការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈ កសិកម្ម និងសន្តិសុខស្បៀង និងការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ»។

ជាងនេះទៅទៀត ទូតស្វីសប្រចាំកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ន ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) កំពុងពិនិត្យលទ្ធភាព អនុវត្តគម្រោងអភិវឌ្ឍន៍ជាច្រើន នៅកម្ពុជា។បន្ថែមពីនេះ ទូតស្វីស មើលឃើញការខិតខំជ្រោមជ្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ជួយមន្ទីរពេទ្យគន្ធបុប្ផា ឲ្យបន្តផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព និងដោយឥតគិតថ្លៃ ដូចកាលដឹកនាំរបស់លោក វេជ្ជបណ្ឌិត Beat Richner ដែរ។

ជាការឆ្លើយតប លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងអណរគុណ រដ្ឋាភិបាលស្វីស ដែលបាននឹងបន្ត ផ្តល់ហិរញ្ញប្បទានឥតសំណាង ដើម្បីអភិវឌ្ឍនៅកម្ពុជា ជាពិសេស ក្នុងវិស័យ អប់រំ សុខាភិបាល កសិកម្ម និងការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

បញ្ហាមន្ទីរពេទ្យគន្ធបុប្ផា លោករដ្ឋមន្ត្រីសេដ្ឋកិច្ច បញ្ជាក់ថា មន្ទីរពេទ្យនេះ បានជួយសង្គ្រោះជីវិតកុមារកម្ពុជា រាប់លាននាក់ តាមរយៈការផ្តល់សេវាសុខាភិបាល ប្រកបដោយស្តង់ដារ ការយកចិត្តទុកដាក់ខ្ពស់ពីមន្ទីរពេទ្យ និងព្យាបាលដោយឥតគិតថ្លៃ៕ ដោយ ៖ អេង ប៊ូឆេង

To Top
×