ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ កម្ពុជា ត្រូវការវត្តមាន ជនបរទេស

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជា ត្រូវការវត្តមានជនបរទេស ដូចជា អ្នកទេសចរណ៍ ពាណិជ្ជករ អ្នកវិនិយោគ និងអ្នកឯកទេសពិតប្រាកដ ដើម្បីបង្កើនចំណូលចូលជាតិ ។

ឆ្នាំ២០១៩ កន្លងទៅកម្ពុជា ទទួលបានជនបរទេសគ្រប់ប្រភេទ ចំនួនប្រមាណ ៦,៣ លាននាក់ ដោយរក្សាបានកំណើន ៦,៦៩% ទោះបីសភាពការណ៍សន្តិសុខពិភពលោក មានភាពស្មុគស្មាញ ជះឥទ្ធិពលដល់ចលនាធ្វើដំណើរ អន្តរជាតិក៏ដោយ ។

ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ សម្ដេច ស ខេង មានប្រសាសន៍ថា “ចំពោះព្រះរាជាណាចក្រកម្ពុជាយើង ពិតជាត្រូវការវត្តមានជនបរទេស និងចង់បានឲ្យចំនួនមានការកើនឡើងខ្ពស់ ប៉ុន្តែសមាសភាពដែលចង់បាននោះ គឺអ្នកទេសចរណ៍ ពាណិជ្ជករ អ្នកវិនិយោគ និងអ្នកឯកទេសពិតប្រាកដ ដែលអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ” ។

ផ្ទាំងពាណិជ្ជកម្ម

ឆ្លៀតឱកាសនោះ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបញ្ជាក់ថា ទោះបីយ៉ាងណា តាមការពិនិត្យឃើញមានបញ្ហាមួយចំនួនអសកម្មបង្កឡើងដោយជនបរទេសលើជនបរទេស ក្នុងនោះ មានករណីបាញ់សម្លាប់មនុស្ស ករណីឃាដកម្ម ចាប់ជម្រិតទារប្រាក់ វាយតប់ ឆក់ប្លន់ បង្កឡើងការបាត់បង់សណ្តាប់ធ្នាប់ និងក្តីបារម្ភក្នុងសង្គម ។ ការប្រព្រឹត្តបទល្មើស VOIP Game Online ការចរាចរជួញដូរ និងប្រើប្រាស់គ្រឿងញៀន ការប្រកបមុខរបរដោយគ្មានសៀវភៅការងារ ការលួចជ្រៀតចូលដោយខុសច្បាប់ និងស្នាក់នៅហួសរយៈពេលកំណត់។

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបន្ថែមថា តែបញ្ហាទាំងអស់នេះត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចូលរួមដោះស្រាយទប់ស្កាត់ និងបង្ក្រាប ប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា ៕ ដោយ អេង ប៊ូឆេង

To Top
×