ព័ត៌មានជាតិ

ឈ្មួញថៃ ចាប់ផ្ដើមទម្លាក់តម្លៃ ស្វាយរបស់ខ្មែរ ក្រោមលេសទីផ្សារចិនផ្អាកទទួលទិញ ដោយសារផ្ទុះជំងឺ រលាកសួត បង្កដោយវីរុស កូរ៉ូណា

ភ្នំពេញ៖ លោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគមសហព័ន្ធ ស្វាយកម្ពុជាបានឲ្យដឹងថា ឈ្មួញជនជាតិថៃ ដែលឈរជើងទិញស្វាយរបស់ខ្មែរនៅតាមព្រំដែន បានចាប់ផ្ដើមទម្លាក់តម្លៃស្វាយរបស់ខ្មែរក្រោមលេសទីផ្សារចិន ផ្អាកទទួលទិញដោយសារផ្ទុះ ជំងឺរលាកសួត បង្កដោយវីរុស កូរ៉ូណា។

ទាក់ទិនបញ្ហានេះលោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគមសហព័ន្ធស្វាយកម្ពុជា បានចាត់ទុកការទម្លាក់តម្លៃស្វាយរបស់ខ្មែរនេះ ជាទង្វើឆ្លៀតឱកាសរបស់ក្រុមឈ្មួញខិលខូច តែប៉ុណ្ណោះព្រោះចិននៅតែបន្តទិញផ្លែស្វាយពីថៃ និងវៀតណាមដដែល។

លោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគមសហព័ន្ធ ស្វាយកម្ពុជាបានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២ ខែ កុម្ភៈនេះថា “ឈ្មួញថៃចាប់ផ្តើមជូនដំណឹងទម្លាក់ តំលៃស្វាយខ្មែរហើយនៅព្រឹកនេះ (ពីរបីថ្ងៃទៀតស្វាយនឹងធ្លាក់ថ្លៃចុះ) ដោយប្រាប់ភាគីខ្មែរថា ដោយសារមានការផ្ទុះឡើងនៃជម្លឺកូរ៉ូណា បានធ្វើឲ្យទីផ្សារពុំសូវស៊ីផ្លែស្វាយ។ កាលពីរសប្តាហ៍មុន លេសរបស់អ្នកទិញនៅតាមព្រំដែនខ្មែរថៃ និងខ្មែរវៀតណាម ក្នុងការទម្លាក់តម្លៃស្វាយ ដោយប្រាប់ថា ជិតចូលឆ្នាំចិនទីផ្សារមិនសូវស៊ីទេ”។

ប្រធានប្រតិបត្តិសមាគមសហព័ន្ធស្វាយកម្ពុជា បានឲ្យដឹងបន្ថែមថា”ករណីផ្ទុះឡើងនៃជំងឺកូរ៉ូណា អាចនឹងបណ្តាលឲ្យតម្លៃផ្លែស្វាយកែវរមៀតធ្លាក់ចុះបន្តទៀត ក្រោមលេសទីផ្សារចិន ផ្អាកទទួលទិញ។ តាមពិតចិននៅតែបន្តទិញផ្លែស្វាយពីថៃ និងវៀតណាមដដែល ដោយធាតុពិតរបស់ក្រុមឈ្មួញខិលខូច នឹងឆ្លៀតឱកាសនេះបន្តធ្វើបាបប្រជាកសិករខ្មែរតទៅទៀត។

បើតាម លោក អ៊ិន ឆៃវ៉ាន ផ្លែស្វាយកែវរមៀតនាំចេញទៅថៃ តាមច្រកព្រំខេត្តប៉ៃលិនមានចំនួន ១,០០០តោនទៅ ១,៤០០តោនក្នុងមួយថ្ងៃ។ចំណែកតម្លៃបោះដុំ ទិញលក់នៅច្រកព្រំខេត្តប៉ៃលិន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០គឺ

-ស្វាយលេ១=៩បាតក្នុងមួយគីឡូក្រាម=១,១៧៤.៥រៀល

-ស្វាយលេខ២=៧បាតក្នុងមួយគីឡូក្រាម=៩១៣.៥រៀល

-ស្វារោងចក្រ=៦បាតក្នុងមួយគីឡូក្រាម=៧៨៣រៀល៕

To Top