ព័ត៌មានជាតិ

ខែមករា មូលនិគន្ធបុប្ផាកម្ពុជា ទទួលថវិកា ជាង៨០លានរៀល និងជាង១លានដុល្លារ

ភ្នំពេញ ៖ កាលពីខែមករា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បង្កើតឡើងដោយរាជរដ្ឋាភិបាល គោលដៅចូលរួមធានានិរន្តរភាព នៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ទទួលថវិកាបរិច្ចាគ ចំនួន ៨០ ០៩៨ ១៨៤,៤០ រៀល និង១ ៣៩៤ ៨២៩,៧២ ដុល្លារ ពីសប្បុរសជន ៧៧៣៤រូប ដែលរួមមានសមាជិកកិត្តិយស ៤រូប និងសមាជិកគាំទ្រ ៥៩៦២រូប ព្រមទាំង សប្បុរសជនផ្សេងៗ ១៧៦៨ រូប។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ មូលនិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ទន្ទឹមពេលជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ទេរជូនមន្ទីរពេទ្យនូវថវិកា ១ ០៨៦ ៣៦៨ ដុល្លារ ដែលបានមកពីការកាត់ទុក ថ្លៃលក់សំបុត្រចូលទស្សនា តំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី៤ ឆ្នាំ២០១៩។

មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរ ចំពោះសប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ និងធានាឲ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារក នៅកម្ពុជា។

ជាងនេះទៅទៀត មូលនិធិគន្ធបុប្ផាកម្ពុជា លើកទឹកចិត្តដល់សាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឲ្យបន្តចូលរួមបរិច្ចាគជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ រៀល ,៥ ០០០ ដុល្លារ ក្នុងមួយឆ្នាំ ឬជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០រៀល ក្នុងមួយខែ ឬ៦០ ០០០រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”៕

ដោយ ៖ អេង ប៊ូឆេង

To Top