ស្វាយរៀង ៖ ប្រជាពលរដ្ឋអាចនឹងងាយ ជួបបញ្ហាប្រឈមនានាដែលត្រូវឲ្យមានការ ដោះស្រាយពីអាជ្ញាធរ ។ បញ្ហាប្រឈមទាំងនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ជំរុញឲ្យក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង និងគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងអាជ្ញាធរខេត្ត បន្តធ្វើវេទិការសារណៈជាខ្នាតតូចៗ ឲ្យបាញឹកញាប់ ឬធ្វើតាមខ្នងផ្ទះ ដើម្បីបានដឹងអំពីស្ថានភាព ការលំបាក សំណូមពរនិងធ្វើការដោះស្រាយជូនឲ្យបានទាន់ពេលវេលា ។
លោកស្រី បានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបក្រុមការងារ និងការរៀបចំវេទិការសាធារណៈប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅខេត្តស្វាយរៀងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
បន្ថែមពីលើការងារជំរុញនេះ លោកស្រី ម៉ែន សំអន បានលើកទឹកចិត្តដល់ក្រុមការងារឲ្យបន្តពង្រឹង និងធ្វើអំពើល្អ ត្រូវធ្វើអំពើល្អ និងផ្តល់សេវាសាធារណៈ និងសេវាសំណូមពរឱ្យបានឆាប់រហ័ស ជូនប្រជាពលរដ្ឋដើម្បីទទួលបានការគាំទ្រពីពួកគាត់។ ធ្វើការ និងពិភាក្សាគ្នាជាសមូហភាព ឬជាក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងសំណួរដែលប្រជាពលរដ្ឋលើកឡើងផ្អែកលើច្បាប់ និងការពិត។ ក្នុងករណីមិនអាចដោះស្រាយបានត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីដោះស្រាយបន្តជូនពលរដ្ឋហើយបានទាន់ពេលវេលា ៕