ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ឲ្យអភិបាលខណ្ឌដូនពេញ រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងលុបបំបាត់ឲ្យអស់រាល់ល្បែង ស៊ីសងគ្រប់ប្រភេទ

ភ្នំពេញ៖ ក្នុងពិធីប្រកាស ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលាខណ្ឌដូនពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញឲ្យអភិបាល ខណ្ឌដូនពេញ ត្រូវលុបបំបាត់ ឲ្យបានរាល់ល្បែងស៊ីសង គ្រប់ប្រភេទ បញ្ហាចោរកម្ម ក្មេងទំនើង សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យសំរាម ដើម្បីឲ្យខណ្ឌនេះ នៅតែរក្សាបានភាពស្អាតទទួលបាន ពានរង្វាន់ផ្ការំដួលបីទង ដែលជាទីក្រុងស្អាតជាងគេ។

លោក ឃួង ស្រេង សង្គត់ធ្ងន់ថា ខណ្ឌដូនពេញចាំបាច់ត្រូវតែល្អស្អាតឲ្យបានជាប់ជាប្រចាំ ព្រោះខណ្ឌនេះ ជាចំណុចកណ្តាលនៃរាជធានីភ្នំពេញ សំបូរទៅដោយតំបន់ទេសចរណ៍ ដែលទាក់ទាញភ្ញៀវ មកទស្សនាកម្សាន្តជាច្រើន។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អភិបាលខណ្ឌដូនពេញ ត្រូវចុះពិនិត្យការលក់ដូរ របស់ប្រជាពលរដ្ឋ នៅលើចិញ្ចើញផ្លូវ សាធារណៈ ដោយមិនត្រឹមតែខូចសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់បានបង្កើតជាសំរាមគរ រាយប៉ាយដោយគ្មានទំនួលខុសត្រូវ ក្រោយពីការលក់ដូររួច។ បន្ថែមពីនេះទៀតត្រូវសន្យាលុបបំបាត់ ឲ្យអស់នូវល្បែងកន្ទុយលេខតាមផ្សារ ល្បែងស្ទួចត្រីខុសច្បាប់ដែលកំពុងមាន សកម្មភាពរីកដុះដាលច្រើន។

នៅក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់អភិបាលខណ្ឌទាំងអស់ ជួយជំរុញ ឲ្យប្រជាពលរដ្ឋបង់ថ្លៃប្រមូលសំរាមបានទៀងទាត់ ដើម្បីបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ ក្នុងការចូលរួម ធានាធ្វើឲ្យរាជធានីភ្នំពេញ នៅតែរក្សាបានភាពស្អាត មានផាសុខភាព និងគុណភាពបរិស្ថាន។

លោកបានថ្លែងថា ក្នុងរយៈពេល៨ខែទៀតការ រៀបចំនីតិវិធីក្នុងការគ្រប់គ្រង បញ្ហាសំរាមនេះបានល្អ ទាំងការប្រមូលនិងការបង់ថ្លៃសេវា ប្រមូលសំរាម ដោយមានក្រុមហ៊ុន ត្រឹមច្បាស់លាស់ ក្នុងការអនុវត្តកិច្ចការនេះ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបើកទទួលយក ថ្លៃប្រមូលសំរាម ពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១ ខែកុម្ភៈដល់ថ្ងៃទី១៥ ខែកុម្ភៈ តាមរយៈប្រព័ន្ធទូរទាត់ អេឡិចត្រូនិច ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់ប្រជាពលរដ្ឋ ដែលចំណេញពេលវេលា និងកាត់បន្ថយការចំណាយផងដែរ។ប្រជាពលរដ្ឋដែលត្រូវបង់ថ្លៃសេវា ប្រមូលសំរាមនៅក្នុងខែមករានេះ គឺគ្មានការប្រែ ប្រួលទេ គឺអនុវត្តន៍ តាម តារាងតម្លៃកាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅជាគោល៕

To Top