ព័ត៌មានជាតិ

កម្ពុជានឹងបន្តមើលថែ ភ្ញៀវទេសចរ នៅលើនាវា MS Westerdam បើសាម៉ីប្រទេសមិនទទួល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសថា កម្ពុជានឹងបន្តមើលថែ ភ្ញៀវទេសចរ នៅលើនាវា MS Westerdam បើសាម៉ីប្រទេសគេមិនទទួល។

សម្ដេចតេជោបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា “ចំពោះនាវាទេសចរណ៍ ដែលមានអ្នកធ្វើដំណើរជាង ២០០០នាក់ ដែលបានមកដល់ ទីសុវត្ថិភាព ក្នុងទឹកដីកម្ពុជាហើយ បើសាម៉ីប្រទេសគេ មិនទទួលទេ គឺកម្ពុជានឹងបន្តមើលថែ ពួកគេ”។

នៅក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍អំពី ជំងឺ COVID-19 (ឈ្មោះផ្លូវការនៃមេរោគកូរ៉ូណាថ្មី) ដែលកំពុងញាំញី និងអង្រួនសភាពការណ៍នៅក្នុងប្រទេសក្នុងតំបន់ និងពិភពលោកអោយមាន ការភ័យតក់ស្លុត រហូតបាត់អស់នូវគុណធម៌ សីលធម៌ មនុស្សធម៌ និងមិត្តភាពល្អជាមួយគ្នា។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថាជំងឺពិតប្រាក ដដែលយើងកំពុងប្រឈមមុខ ជាក់ស្តែងនាពេលនេះ គឺជាជំងឺភ័យខ្លាចជ្រុល និងអំពើរើសអើងជាតិសាសន៍ជ្រុល រហូតដល់បោះបង់ ពលរដ្ឋខ្លួនឯងចោល។ ជាក់ស្តែងដូចជាករណីនាវាទេសចរណ៍ MS Westerdam ដែលមានអ្នកធ្វើដំណើរ ចម្រុះជាតិសាសន៍ជាង ២២០០ នាក់ដែលបានបដិសេធ ដោយប្រទេសនិងកោះចំនួន៦ មិនអោយចុះចត ដែលនៅក្នុងនាវាដ៏ធំនេះក៏មានពលរដ្ឋអាមេរិក ជាង៦០០នាក់ផងដែរ ដែលបានសុំចុះចតនៅកោះ Guam ដែលជាទឹកដីកោះមួយ ផ្នែករបស់សហរដ្ធអាមេរិក ក៏មិនត្រូវបានអនុញ្ញាត្តិអោយចុះចតដែរ។ តើយ៉ាងម៉េច បានជាសាម៉ីប្រទេស និងសាម៉ីកោះទាំងនោះ សម្រេចបែបនេះទៅរួច? ពិភពលោក អាចនឹងបែកបាក់ ហើយតម្លៃមនុស្សនៅត្រង់ណា បើសិទ្ឋិរស់រាន មានជីវិតគ្មានផងនោះ?

ការសម្រេចចិត្ត របស់កម្ពុជា ក្នុងការទទួលនាវា ទេសចរណ៍ MS Westerdam អោយចុះចតនៅក្រុងព្រះសីហនុ ក្នុងទឹកដីកម្ពុជា គឺជាកាយវិការមនុស្សធម៍ ដោយគ្មានការរើសអើង ជាតិសាសន៍ ក្នុងការលើកស្ទួយ ការគោរពសិទ្ធិមនុស្សតាមរយៈការជួយផ្តល់នូវសិទ្ឋិរស់រានមានជីវិតដល់មនុស្សជាតិដែលជាប់គាំងនៅក្នុងនាវាទាំងអស់។ ការសម្រេចចិត្តត្រឹមត្រូវ របស់កម្ពុជា គឺមនុស្សភាគច្រើន នៅទូទាំងពិភពលោក បានគាំទ្រនូវកាយវិកា មនុស្សធម៌របស់កម្ពុជា ហើយក្នុងនោះក៏មានការគាំទ្រពី អង្គការ សុខភាពពិភពលោក (World Health Organization) អង្គការទេសចរណ៍ពិភពលោក ( World Tourism Organization) អង្គការឆ្នេរស្អាតបំផុតពិភពលោក ( The World’s Most Beautiful Bay) និង ពីលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ នៅពេលនេះចំនួន អ្នកទេសចរចម្រុះជាតិសាសន៍ ៥០០ នាក់ក្រោយពីបានត្រួតពិនិត្យ សុខភាពថាគ្មានសញ្ញាវិជ្ជមាន នៃមេរោគកូវីដ១៩ទេ (កូរ៉ូណា) គឺត្រូវបានផ្តល់កន្លែងស្នាក់នៅ បណ្តោះអាសន្ន នៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ។ ច្បាស់ណាស់ បើសាម៉ីប្រទេសគេ មិនគិតដល់ពលរដ្ឋគេទេ គឺកម្ពុជានឹងទទួលខុសត្រូវ ព្រោះពេលនេះ បានមកទីសុវត្ថិភាព ក្នុងប្រទេសយើងហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ ហើយក្នុងពេលអញ្ជើញទទួល អ្នកដំណើរទេសចរ ទាំងអស់ នៅខេត្តព្រះសីហនុថា បើមានអ្នកទេសចរណាម្នាក់ មានឆ្លងឬផ្ទុក មេរោគកូវីដ-១៩ គឺ សម្តេចតេជោ អនុញ្ញត្តិអោយចូលកម្ពុជា អោយបានលឿនមុនគេបំផុត ហើយនាំទៅកន្លែង មានសុវត្ថិភាព ដើម្បីផ្តល់ការមើលថែ និងព្យាបាល អោយបាន ទាន់ពេលវេលា ដែលអាចធ្វើទៅបាន។ ការធ្វើបែបនេះគឺដើម្បីទប់ស្កាត់ មិនអោយមេរោគឆ្លងរាលដាល ទៅអ្នកដទៃទៀត ដូចដែលបានកើតឡើង នៅក្នុងនាវាទេសចរណ៍ Diamond Princess ដែលពេលថ្មីៗនេះគឺទើបសម្រេច យកអ្នកទេសចរចេញ ពីនាវាដោយសារ មានអ្នកឆ្លងមេរោគ កូវីដ១៩ ពីម្នាក់ទៅម្នាក់កាន់តែច្រើនឡើងៗ រហូតដល់៣៥៦ នាក់ ។

បើកម្ពុជាមិនទទួលនាវានេះ អោយចុះចតទេ ម៉្លេះមកទល់ពេលនេះ មិនដឹងជារសាត់អណ្តែត ទៅដល់ទីណាទេ ព្រោះស្បៀងអាហារក៏ជិតអស់ រីឯប្រេងក៏ជិតអស់ទៀត។ តើចុងបញ្ចប់ នៃជីវិតពួកគេនឹងត្រូវបូជា នៅលើកប៉ាល់ ឬបោះទម្លាក់ចោល ក្នុងទឹកសមុទ្រ? បើគ្រប់គ្នាបដិសេធ មិនទទួលពួកគេអោយចុះចត? តែកម្ពុជាមិនអាចបិទភ្នែកទុក អោយពលរដ្ឋទាំងនោះស្លាប់ទេ ព្រោះកម្ពុជាក៏ធ្លាប់ត្រូវ បានគេមើលងាយ និងរើសអើងពីមុន ហើយកម្ពុជាយល់ច្បាស់ណាស់ អំពីអារម្មណ៍បែបនេះ ចំពោះអ្នកទេសចរ ទាំងអស់នោះ។ យើងទាំងអស់គ្នា និយាយពីសិទ្ធិមនុស្ស តែពេលនេះការរើសអើង គឺមានទំហំធំធេងណាស់ ដែលបង្ហាញច្បាស់ថាជំងឺរើសអើង និងការភ័យខ្លាចជ្រុលហួសហេតុ កំពុងនាំទៅដល់ការបំផ្លាញ សិទ្ធិមនុស្សពិតប្រាកដ។

បើតាមគម្រោង ដែលបានគិតក្នុងការជួយដល់ អ្នកទេសចរទាំងអស់ គឺក្រោយពេលអ្នកទេសចរវគ្គទី១ ដែលកំពុងស្នាក់នៅ បណ្តោះអាសន្ន ក្នុងទីក្រុងភ្នំពេញ បានចាកចេញពីកម្ពុជា ហើយ គឺនឹងដឹកអ្នកដែលកំពុងរង់ចាំ នៅក្នុងនាវាទេសចរណ៍ ក្នុងខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ ជាបន្តទៀតរហូតដល់អស់។ អ្នកដំណើរទាំងអស់ នឹងត្រូវដាក់ អោយពិនិត្យសុខភាព យ៉ាងហ្មត់ចត់បំផុត មុននឹងអនុញ្ញាត្តិ អោយមកស្នាក់នៅតាមសណ្ឋាគារ។ បើទោះបីត្រូវការចត រយៈពេលវែង យ៉ាងណាក្តី ក៏កម្ពុជាផ្តល់ឱកាស អោយនាវាទេសចរណ៍នេះ បន្តស្នាក់នៅកម្ពុជា ដោយមិនគិតពីថ្លៃចត និងថ្លៃសេវាផ្សេងៗនៅក្នុងដែន សមុទ្រកម្ពុជាដែរ។

កម្ពុជាទទួលខុសត្រូវ លើកិច្ចការដែលខ្លួន កំពុងធ្វើអោយបានហ្មត់ចត់ និងល្អបំផុត ហើយបន្តសហការ ជាមួយអង្គការដៃគូនានា និងសហគមន៍អន្តរជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម ជាសកលនេះ។ ទន្ទឹមនឹងនេះដែរ គឺដើម្បីលុបបំបាត់ជំងឺភ័យខ្លាចជ្រុល និងជំងឺរើសអើងជ្រុល ដើម្បីលើកស្ទួយ តម្លៃសីលធម៌ គុណធម៌ឡើងវិញ និងដើម្បីសិទ្ឋិរស់រានមានជីវិត និងសេចក្តីសុខរបស់មនុស្សជាតិទូទាំងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនផងដែរថា “ទោះបីនៅប្រទេសណាក៏ដោយ មិនថាតែប្រទេសចិនទេ ប្រសិនបើត្រូវការកម្ពុជា គឺ សម្តេចតេជោ នឹងចូលរួម ដោយមិនរារែក ឡើយ។

ជាមួយគ្នានោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏មានមានបំណងរៀបចំពិធីជប់លៀង ជូនភ្ញៀវទេសចរ ដែលជាប់ក្នុងនាវា MS Westerdam អោយបានស្គាល់ បេះដូងមនុស្សធម៌ កម្ពុជាពិត។

ក្រោយពីបានពិនិត្យសុខភាពយ៉ាងហ្មត់ចត់ទៅលើអ្នកទេសចរមួយចំនួនដែលគ្មានសញ្ញាវិជ្ជមាននៃមេរោគកូវីដ១៩ (កូរ៉ូណា)នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតអោយអ្នក ទេសចរចំនួន ៥០០ នាក់បានមកស្នាក់នៅបណ្តោះអាសន្ន នៅសណ្ឋាគារសុខា ទីក្រុងភ្នំពេញ ដើម្បីរៀបចំសំបុត្រ យន្តហោះចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសកំណើតពួកគេវិញ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់យោបល់អោយ សាលាក្រុងភ្នំពេញសហការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ រៀបចំរថយន្តដឹកអ្នកទេសចរ ដែលកំពុងស្នាក់នៅទីក្រុងភ្នំពេញ បានទស្សនារាជធានីភ្នំពេញ ដែលល្អប្រសើរ ជាងទុកពួកគេ អោយរស់នៅ តែក្នុងបន្ទប់សណ្ឋាគារ ពោរពេញ ដោយអារម្មណ៍ តប់ប្រម៉ល់ភ័យខ្លាច ដែលពួកគេ អាចយកពេលវេលា រង់ចាំនេះ បានលំហែអារម្មណ៍ សប្បាយរីករាយ នៅក្នុងរាជធានីភ្នំពេញ ហើយបានស្គាល់ប្រទេស និងប្រជាពលរដ្ឋខ្មែរ យើងកាន់តែច្រើនថែមទៀត។

ដើម្បីបង្ហាញពីក្តីស្រឡាញ់ ភាពកក់ក្តៅ និងបេះដូងមនុស្សធម៌ពិតរបស់កម្ពុជាចំពោះភ្ញៀវទេសចរទាំងអស់ មកពីនាវា MS Westerdam សម្តេចតេជោ ហ៊ុន សែន មានបំណងនឹងរៀបចំពិធីជប់លៀងជូនពួកគេទៀតផង ហើយសម្តេចតេជោ ក៏គ្រោងនឹងអញ្ជើញ មន្រ្តីតំណាងទូត នៃប្រទេសនីមួយៗ ដែលមានពលរដ្ឋរបស់ខ្លួន កំពុងជាប់នៅកម្ពុជាក្នុងនាវាទេសចរណ៍នេះ មានឱកាសបានមកជួបសួរសុខទុក្ខ និងចូលរួមរក មធ្យោបាយផ្សេងៗ ដើម្បីជួយពលរដ្ឋខ្លួន អោយឆាប់បានវិលត្រឡប់ ទៅកាន់ប្រទេសកំណើតវិញ។

ពិតណាស់ ចំពោះនាវាទេសចរណ៍ដែលមានអ្នកធ្វើដំណើរជាង ២០០០នាក់ ដែលបានមកដល់ទីសុវត្ថិភាពក្នុងទឹកដីកម្ពុជាហើយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ បញ្ជាក់ច្បាស់ណាស់ថា បើសាម៉ីប្រទេសគេមិនទទួលខុសត្រូវទេ គឺកម្ពុជានឹងបន្តមើលថែពួកគេរហូតដល់ថ្ងៃបានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ៕

ដោយ បានធារ៉ូ

To Top
×