នយោបាយ

បញ្ហាជំងឺកូវីដ១៩! នាយករដ្ឋមន្រ្តីប្រតិកម្មចំពោះអ្នកនិយាយថា ស ខេង កំពុងទះកំភ្លៀង ហ៊ុន សែន ជុំវិញបញ្ហាពាក់ម៉ាស់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ចេញប្រតិកម្មខ្លាំង ចំពោះសកម្មជនក្រុមប្រឆាំង ដែលនិយាយថា សម្ដេចក្រឡាហោម ស ខេង កំពុងទះកំភ្លៀង សម្ដេចជុំវិញបញ្ហារឿងពាក់ម៉ាស់។សម្ដេចតេជោ ហ៊ុន សែន ក៏បានចំអកឲ្យក្រុមប្រឆាំងវិញថា ពួកអ្នកឯងមិនទាន់ស្គាល់ ទឹកចិត្ត គណបក្សប្រជាជនកម្ពុជា ទេគឺថ្នាក់ដឹកនាំគណបក្សប្រជាជន មានសាមគ្គីភាពគ្នាណាស់ ដើម្បីធ្វើយ៉ាងណា ឲ្យប្រជាជនរស់នៅបានស្រួល។

ក្នុងពិធីបិទសន្និបាត ត្រួតពិនិត្យការងារ ឆ្នាំ២០១៩ និងលើកទិញដៅការងារ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “រហូតដល់ម៉ោងនេះអត់មានពលរដ្ឋណាម្នាក់ឆ្លង(ជំងឺកូវីដ១៩)សោះ រួចនាំគ្នាភ័យខ្លាចម៉ាស់ឡើងថ្លៃ យើងចែក១លានម៉ាស់ នៅប៉ោយប៉ែត រហូតដល់ខ្វះម៉ាស់។ហើយអ្នកណាពាក់ម៉ាស់ ក៏ពាក់ទៅ ដើម្បីការពារជំងឺផ្សេងៗ”។

សម្ដេចតេជោបន្ដថា “វាយកសំឡេងរបស់ ខេង (សម្ដេច ស ខេង ) ឯង ត្រូវគេយកទៅចាក់សំឡេង ខេង ឯងណែនាំនៅក្នុងបន្ទប់ក្រសួងនេះ ប្រជុំផ្ទៃក្នុងរបស់ក្រសួង វាយកសំឡេង ខេង ឯងទៅចាក់ថា ស ខេង កំពុងទះកំភ្លៀង ហ៊ុន សែន ។ហ៊ុន សែន ថា កុំឲ្យភ័យខ្លាច ស ខេង សូមផ្ដាំទៅវិញថា បើពួកអស់លោកឯង មិនទាន់ស្គាល់ទឹកចិត្តរបស់គណបក្សប្រជាជនទេ ទៅរៀនតាមទៅ”។

សម្ដេចបន្ដថានាពេលកន្លងមក សម្ដេចមិនបានហាមឃាត់ ពលរដ្ឋ មន្ដ្រីរាជការ មិនឲ្យប្រុងប្រយ័ត្នទៅលើបញ្ហាសុខភាពនោះទេ។ សម្ដេច ប្រើពាក្យថាត្រូវពាក់ម៉ាស់ នៅពេលចាំបាច់។

សម្ដេចបានណែនាំឲ្យប្រជាពលរដ្ឋខ្មែរ យកចិត្តទុកដាក់ ចាប់ផ្ដើមពីមនុស្សម្នាក់ និងគ្រួសារនីមួយៗ តើនេះជាវិធីការពារប្រជាជនទេឬ? ដូច្នេះ ពួកអ្នកឯង ត្រូវយល់អំពីបញ្ហាទាំងនេះ។

ជាងនេះទៅទៀត សម្ដេចបន្ថែមថា បញ្ហាជំងឺកូវីដ១៩មិនទាន់ត្រូវបានបញ្ចប់ឡើយ។ សម្ដេចរំលឹកថាអ្នកលើនាវា ដែលចូលចតនៅកម្ពុជានាពេលថ្មី គ្មានជំងឺ វីរុស កូរ៉ូណាទេ។
សម្ដេចអរគុណ ថៃ ដែលបានធ្វើការអះអាងថា គ្មានអ្នកជំងឺ កូរ៉ូណា ទេ ក្រោយពួកគេ ចាក់ចេញពីកម្ពុជា ទៅថៃ ដើម្បីតជើងហោះហើរ។ ហើយសម្ដេច ក៏សូមអរគុណមិត្តភក្តិទាំងអស់ បានចូលរួមសហការជាមួយ អង្គការសុខភាពពិភពលោក។

ក្រោយមានវិទ្យុមួយលើកឡើងថា កម្ពុជាមានជម្លោះការទូត ជាមួយម៉ាឡាស៊ីជុំវិញបញ្ហារកឃើញ ស្ដ្រីអាមេរិកកាំងម្នាក់ មានអាយុ៨៣ឆ្នាំ ផ្ទុកវីរុសកូរ៉ូណា ក្រោយចាកចេញ ពីកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន បកស្រាយថាទាំងនេះ មិនមែនជាជម្លោះនោះទេ គ្រាន់តែកម្ពុជាសុំការពន្យល់ ពីម៉ាឡេស៊ី តែប៉ុណ្ណោះពីព្រោះកម្ពុជារកមិនឃើញ ជំងឺកូរ៉ូណា ទៅលើស្ដ្រីអាមេរិកកាំងនោះ ស្រាប់តែរកឃើញ នៅម៉ាឡេស៊ី ។

សម្ដេច ចោទសួរថា តើជំងឺកូរ៉ូណាកើតនៅលើស្ដ្រីរូបនោះ នៅកន្លែងណា? ខណៈប្ដីរបស់គាត់ មិនកើតជំងឺនេះ។ ជាងនេះទៅទៀត សម្ដេចតេជោថា មានអ្នកបំផុស ការភ័យខ្លាចចំពោះ ជំងឺ កូរ៉ូណា ដោយលើកឡើងថា កម្ពុជា បិទបាំងជំងឺនេះហើយមានអ្នកស្លាប់យ៉ាងច្រើនណាស់។

សម្ដេចថាចោទសួរថាតើរាជរដ្ឋាភិបាល មានសិទ្ធិបិទបាំងរឿងនេះទេ? រាជរដ្ឋាភិបាល ចាំបាច់បិទបាំទេ? ខណៈរាជរដ្ឋាភិបាល បានត្រៀមគ្រប់មន្ទីរពេទ្យ ដើម្បីជួយព្យាបាល ជំងឺនេះ បើសិនមានពលរដ្ឋខ្មែរមានជំងឺនេះមែន។ជាពិសេស រាជរដ្ឋាភិបាល គ្មានយករឿងជំងឺនេះ ធ្វើជាដើមទុននយោបាយឡើយ។

សម្ដេចថាគោលដៅ នយោបាយ របស់រាជរដ្ឋាភិបាល គឺសកម្មភាពមនុស្សធម៌៕

ដោយ ៖អេង ប៊ូឆេង

To Top