ព័ត៌មានជាតិ

នាយក ប.ស.ស. ថ្លែងកោតសរសើរ បុក្គលិកជាស្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងារយ៉ាងល្អ ក្នុងពេលកន្លងមក នាឱកាសទិវា​ នារីអន្តរជាតិ

ភ្នំពេញ៖ ស្រ្តីកម្ពុជា ជាថ្នាក់ដឹកនាំ ក្នុងស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និង ស្ថាប័នក្រសួងមន្ទីរនានា​ របស់រាជរដ្ឋាភិបាល កំពុងត្រូវបានមើលឃើញថា មានការយកចិត្តទុកដាក់ និងលើកកម្ពស់ ពីតួនាទីរបស់ខ្លួន ជាបន្តបន្ទាប់។ ដោយឡែកនារី នៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបចំនួន ៦៩៦នាក់ ស្មើនឹង ៤៤.២% មានការកើនឡើង ០.២% ប្រៀបធៀប នឹងឆ្នាំ២០១៩ ។ ប.ស.ស. តែងតែគាំទ្របើកទូលាយ និងលើកទឹកចិត្តនារី ឱ្យចូលរួមបម្រើការងារ។

នេះជាការថ្លែងឡើង ពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជានាយក ប.ស.ស នៅក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១០៩ នៃទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ដែលប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នេះ ស្ថិតនៅក្នុងសាលប្រជុំធំនៃ ប.ស.ស ផ្ទាល់។

លោកប្រតិភូ បានថ្លែងបន្តទៀតថា នឹងព្យាយាមធ្វើយ៉ាងណា​ ជម្រុញឲ្យមានស្រ្តីច្រើនជាងមុន ក្នុងការបម្រើការងារក្នុង ប.ស.ស. និងមានការបង្កើនមន្រ្តី និងបុគ្គលិកជាថ្នាក់ដឹកនាំ ឲ្យបានច្រើនជាងមុនផងដែរ ព្រមទាំងបានសំណូមពរ ឲ្យមន្រ្តី និងបុគ្គលិករបស់ខ្លួន ខិតខំប្រឹងប្រែងធ្វើការងារ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឲ្យបានជាប្រចាំ ដើម្បីធ្វើយ៉ាងបម្រើសេវា ប.ស.ស. ជូនសមាជិក ប.ស.ស. ឲ្យបានទាន់ពេលវេលា។

បន្ថែមពីនេះទៀត លោកប្រតិភូ បានបន្តថា៖ ស្ថិតក្រោមប្រធានបទ​ ជាសាកល នារីមិនត្រឹមតែផ្ដោតសំខាន់ លើការប្រគល់សិទ្ធិអំណាច សិទ្ធិសេរីភាពពេញលេញ របស់នារី ក្នុងការសំរេចចិត្ត ការទទួលបានសុភមង្គល និងការលុបបំបាត់ចោល នៃភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែ នារីកន្លងមក ក៏បានដើរតួនាទីដ៏សំខាន់ ក្នុងការដឹកនាំកិច្ចការធំៗ របស់ប្រទេសថែមទៀតផង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×