ព័ត៌មានជាតិ

នាវា SITC Fujian មួយគ្រឿងបានដឹកវត្ថុធាតុដើមពីចិន មកដល់កម្ពុជាហើយ

ភ្នំពេញ៖ នាវា SITC Fujian មួយគ្រឿងបាន ដឹកជញ្ជូនវត្ថុធាតុដើមពីចិន សម្រាប់វិស័យវាយនភណ្ឌកាត់ដេរ បានមកដល់កម្ពុជាហើយ ។

យោងតាមហ្វេសប៊ុក របស់កំពង់ផៃស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នាវា SITC Fujian ដែលដឹកជញ្ជូនវត្ថុធាតុដើម សម្រាប់វិស័យវាយនភណ្ឌកាត់ដេរ បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុនៅ ម៉ោង 23:25នាទី ។

បើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាកពីម្សិលមិញ បានថ្លែងថារដ្ឋាភិបាលចិន សម្រេចបញ្ជូននាវា៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើម មកផ្គត់ផ្គង់នៅតាមបណ្ដា រោងចក្រក្នុងប្រទេសកម្ពុជា ដែលថ្ងៃនេះនឹងមកដល់ កំពង់ផែព្រះសីហនុ បណ្តើរៗហើយ ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៥ នៅខេត្តពោធិសាត៍នាព្រឹក ថ្ងៃទី ៩ខែមីនា ឆ្នាំ២០២០យ៉ាងដូច្នេះថា៖«ខ្ញុំសូមជូនជាព័ត៌មានថាចិនបានរៀបចំនាវា៧គ្រឿងសម្រាប់ដឹកវត្ថុធាតុដើមផ្គត់ផ្គង់ឲ្យរោងចក្រ ថ្ងៃនេះចាប់ផ្តើមចូលមកជើងទី១ ស្អែកចូលជើងទី២។ ៧គ្រឿងនេះចំនួន៥គ្រឿង បានចូលចតនៅកំពង់ផែកំពង់សោម និង២គ្រឿងចតនៅហូជីមិញ»។

សូមរំលឹកថាកាលពីពេលថ្មីៗនេះ ស្របពេលដែលតាម បណ្ដារោងចក្រមួយចំនួន នៅក្នុងប្រទេសកម្ពុជា កំពុងជួបវិបត្តិខ្វះខាត វត្ថុធាតុដើម ក្នុងការផលិតនោះ លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានអះអាងថា ប្រទេសចិនកំពុង សម្រុះសម្រួល រកគ្រប់វិធានការដើម្បីផ្ដល់វត្ថុធាតុដើម ជូនក្រុមហ៊ុនកម្ពុជា ដើម្បីធ្វើឲ្យការខូចខាត នៃក្រុមហ៊ុនកម្ពុជា ស្ថិតក្នុងកម្រិតទាបបំផុត ។ឆ្លើយតបភ្លាមៗ ទៅកាន់មិត្តចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំឲ្យម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ប្រើប្រាស់យន្តហោះ របស់ប្រទេសកម្ពុជានិងចិន ទៅដឹកជញ្ជូនវត្ថុធាតុដើម ពីប្រទេសចិនមកផ្គត់ផ្គង់នៅកម្ពុជា ឲ្យបានលឿនបំផុត ដើម្បីបញ្ចៀសការ បិទរោងចក្របណ្ដោះអាសន្ន។

To Top
×