ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា អញ្ជេីញប្រារព្ធទិវា ASEM Day ដើម្បីផ្សព្វផ្សាយពីការត្រៀមរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប

ភ្នំពេញ៖ លោក ប្រាក់​ សុខុន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ នៅព្រឹកថ្ងៃទី១០ ខែមីនានេះ បាននិងកំពុងអញ្ជេីញជាអធិបតីប្រារព្ធទិវា ASEM Day  នៅមុខបទុមវត្ដី រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីការត្រៀមរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM 13) ឆ្នាំ២០២០ និងព្រឹត្តការណ៍ក្រៅកិច្ចប្រជុំ ASEM 13 ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ។

សូមរំលឹកថា កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសជាផ្លូវការ ធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី៣១ខែមករា ឆ្នាំ២០២០ ដោយសម្រេចយកអគារ ពិពណ៌អន្ដរជាតិថ្មី របស់ក្រុមហ៊ុន OCIC នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ធ្វើជាទីកន្លែងរៀបចំកិច្ចប្រជុំ និងកំណត់យកថ្ងៃទី១៦-១៧ វិច្ឆិកា ខាងមុខ ជាកាលបរិច្ឆទនៃកិច្ចប្រជុំ។ កិច្ចប្រជុំ អាស៊ី-អឺរ៉ុប គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការ រវាងសមាជិកសហភាពអឺរ៉ុប ទាំង៣០ប្រទេស និងអាស៊ីចំនួន២១ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ ។

ជាមួយគ្នានោះដែរ កម្ពុជាក៏បានត្រៀមកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទមានចំនួន ១២.៧២៦នាក់ ចូលរួមប្រតិបត្តិការការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងពេលកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ឆ្នាំ២០២០ នាពេលខាងមុខនេះផងដែរ ៕

To Top