ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ជំរុញក្រុមហ៊ុនសាងសង់ ផ្លូវនិងដាក់លូទាំង៣៤ខ្សែ ពន្លឿនដំណើការសាងសង់ ឱ្យបានទ្វេដង

ភ្នំពេញ៖ ដើម្បីស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុង ខេត្តព្រះសីហនុឲ្យទាន់នឹងគម្រោងដែលបានគ្រោងទុក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញក្រុមហ៊ុនសាងសង់ផ្លូវ និងដាក់លូ ទាំងអស់ ត្រូវពន្លឿនដំណើការ សាងសង់ ឱ្យបានទ្វេដង ។

ក្នុងឱកាស ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវទាំង៣៤ខ្សែ នៅខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោក គួច ចំរើន បានមានប្រសាសន៍ថា  តាមរបាយការណ៍ របស់ក្រុមការងារបច្ចេកទេស ពិនិត្យឃើញថា មកដល់បច្ចុប្បន្ន ការងារស្ថាបនាផ្លូវទាំង៣៤ខ្សែ ជួបបញ្ហាប្រឈមមួយចំនួន និងជម្រុញឱ្យក្រុមហ៊ុន និងកងវិស្វកម្មស្ថាបនាផ្លូវទាំង៨ ត្រូវពន្លឿន ការសាងសង់ផ្លូវ និងដាក់លូឱ្យបានទ្វេដង ទើបទាន់ពេលវេលា។ ការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុង ខេត្តព្រះសីហនុ ដែលប្រើពេលរយ:ពេល ៨ខែ ដោយបានបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកដល់ពេលនេះការអនុវត្ត ការងារសាងសង់ អស់រយ:ពេលជិត ៤ខែហើយ  ។

ក្រុមហ៊ុនទាំង៨ បានធានាការពន្លឿនដំណើការ សាងសង់ផ្លូវចាក់បេតុង និងដាក់លូឱ្យបានទាន់តាមផែនការ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុន និងកងវិស្វកម្មទាំង៨ ដូចខាងក្រោម៖

១.ត្រូវពន្លឿនការសាងសង់ឱ្យបានទ្វេដង ដោយក្រុមហ៊ុន២ បានស្ថាបនា និងដាក់ប្រព័ន្ធលូតាមផែនការ ចំពោះក្រុមហ៊ុន ៦ ទៀត ការស្ថាបនាផ្លូវ និងលូមិនទាន់តាមតម្រូវការនៃរយ:ពេលសាងសង់៨ខែ។

២.បញ្ហាការកកស្ទះចរាចរណ៍ នៅតាមការដ្ឋានមួយចំនួន ពិសេសការដ្ឋានផ្លូវឯករាជ្យ ក្រុមហ៊ុនចង់លឿន មិនបានគិតពីផលប៉ះពាល់ ដល់ការធ្វើចរាចរណ៍ ក៍ដូចជាការកាយដាច់ ប្រព័ន្ធទឹកស្អាត ខ្សែកាបអគ្គីសនី កាបអុបទិចជាដើម ពិសេសត្រូវដាក់ស្លាកសញ្ញា ចរាចរណ៍ ឱ្យបានត្រឹមត្រូវ ។

៣.ប្រព័ន្ធលូ ត្រូវធ្វើការកែសម្រួល តាមបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា និងបានជម្រុញ ឱ្យក្រុមបច្ចេកទេសចុះ ពិនិត្យគ្រប់ការដ្ឋាន ប្រសិនបើរកឃើញថា ដាក់លូមិនមាន លក្ខណ:បច្ចេកទេស ត្រឹមត្រូវតម្រូវឱ្យកាយចេញ ។

៤.បញ្ចៀសផលប៉ះពាល់ ដល់លំនៅដ្ឋាន ប្រជាពលរដ្ឋចេញ-ចូល ក៍ដូចជាការធ្វើដំណើរ។

៥.ការស្ថាននាផ្លូវ ដាក់លូត្រូវតាមបទដ្ឋាន បច្ចេកទេសដូចជា ដែក បេតុងមានគុណភាព និងការស្រោចទឹក ។ល។

ជាមួយគ្នានោះផងដែរលោក គួច ចំរើន បានសំណូមពរឱ្យក្រុមហ៊ុន សាងសង់ទាំង៨ ត្រូវសហការជាមួយក្រុមហ៊ុនអានកូ (ផលិតទឹកស្អាត) ក្រុមហ៊ុនខ្សែកាបអុបទិច និងអគ្គិសនីខេត្ត ដើម្បីការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ឱ្យបានរលូន តាមការគ្រោងទុក ៕

ដោយ៖ បាន ធារ៉ូ

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top