ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ មានសមត្ថកិច្ចខ្លះបោះបង់ ការរាយការណ៍ របស់ពលរដ្ឋ ចំពោះបញ្ហាគ្រឿងញៀន

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា មានសមត្ថកិច្ចមួយចំនួន បានបោះបង់ចោល ចំពោះការរាយការណ៍ ពីប្រជាពលរដ្ឋ ពាក់ព័ន្ធទៅបញ្ហា គ្រឿងញៀន ខណៈសម្ដេចថាសមត្ថកិច្ច ត្រូវសហការជាមួយពលរដ្ឋ គ្រប់វិនាទី ដើម្បីរួមគ្នាទប់ស្កាតគ្រឿងញៀន នៅតាមមូលដ្ឋាន។

សម្ដេច ស ខេង លើកឡើងបែបនេះ បន្ទាប់ពីមានសាធារណៈជនមួយចំនួនថា សមត្ថកិច្ចនៅតាម ភូមិ-ឃុំ -សង្កាត់ មួយចំនួន មិនបានសូវធ្វើការពាក់ព័ន្ធនឹងគ្រឿងញៀន។

ក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងលើកទិសដៅ ការងារឆ្នាំ២០២០ និងកិច្ចប្រជុំ បូកសរុបលទ្ធផល នៃការអនុវត្តផែនការ យុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់ លើកទី៤ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ សម្តេច ស ខេង បានស្នើដល់គ្រប់អង្គភាពទាំងអស់ត្រូវរួមគ្នាទប់ស្កាត់ បទល្មើសគ្រឿងញៀន ទាំងអស់ ដើម្បីធ្វើការយ៉ាងណា កុំឲ្យមានការចរាចរណ៍ឆ្លងកាត់ ឬចែកចាយ នៅកម្ពុជា។

សម្ដេច ស ខេង មានប្រសាសន៍ថា “ខ្ញុំដឹងមានសមត្ថកិច្ចខ្លះ បានបោះបង់ការការរាយការណ៍ពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងគ្រឿងញៀន ។ បញ្ហានេះមានរឿងពាក់ព័ន្ធច្រើន តែខ្ញុំមិនទាន់ដឹងរឿងនេះទេ ប៉ុន្តែត្រូវធ្វើការសហការគ្នា”។

ចំពោះបញ្ហាគ្រឿងញៀន នៅផ្លូវរថភ្លើង ខណ្ឌទួលគោក សម្ដេចក្រឡាហោម ស ខេង លើកឡើងថា មានពលរដ្ឋមួយចំនួនកំពុងរិះគន់គ្រឿងញៀន នៅតាមផ្លូវរថភ្លើង ហើយសមត្ថកិច្ចក៏កំពុងរុញដាក់គ្នា ចំពោះការបង្ក្រាបបទល្មើសគ្រឿងញៀន នៅផ្លូរថភ្លើង ផងដែរ។

សម្ដេចថា “ឥឡូវនេះគេកំពុងរិះគន់ នៅតាមផ្លូវរថភ្លើង ខ្ញុំបានបាញ់ឲ្យស្នង ការរាជធានីភ្នំពេញរួចហើយដោយប្រចាំគ្នា ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនរវាង ខណ្ឌទួលគោក”។

បន្ថែមពីនេះ សម្ដេចស្នើឲ្យភាគីពាក់ព័ន្ធ ត្រូវមានការសហការគ្នា ក្នុងការទប់ស្កាត់បញ្ហា គ្រឿងញៀន ជាពិសេស នគបាលយុត្តិធម៌ ស្ថាប័នតុលាការ និងពលរដ្ឋបើភាគីណាមួយមិនសហការគ្នានោះបញ្ហាគ្រឿងនេះមិនអាចបង្ក្រាប និងលុបបំបាត់បានឡើយ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បន្ថែមថា ចំពោះការត្រួតពិនិត្យវត្ថុធាតុដើម មួយចំនួន ដែលមានសារធាតុគីមី ត្រូវពិនិត្យឲ្យបានច្បាស់លាស់ កុំឲ្យពួកឆ្លៀតយក សារធាតុគីមីទាំងនោះ យកទៅកែច្នៃ ជាគ្រឿងញៀន។

សម្ដេចក្រឡាហោមថា “ការត្រួតពិនិត្យ វត្ថុធាតុដើមមួយចំនួន ដែលអាចចាត់ទុកថា ជាសារធាតុគីមី យកមកផលិតរបស់ប្រើប្រាស់ផ្សេងៗ ប៉ុន្ដែគេអាចយកមកកែច្នៃ ធ្វើគ្រឿងញៀន អាហ្នឹងត្រូវចុះបញ្ជីឲ្យ បានច្បាស់លាស់ ហើយធ្វើការត្រួតពិនិត្យ ឲ្យបានច្បាស់លាស់ តាមក្រសួងសាមីខ្លួនឯង”៕

ដោយ ៖ អេង ប៊ូឆេង

To Top