ព័ត៌មានជាតិ

វិបត្តិវីរុសកូរ៉ូណា ! រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ម្ចាស់អាជីវកម្ម ពាក់ព័ន្ធនឹងមង្គលការ កុំកាត់លុយ និងទារសំណង ពីម្ចាស់កម្មវិធី

ភ្នំពេញ ៖ ក្រោយពីមានការ រំសាយ ឬលុបចោល នូវកម្មវិធី មង្គលការ របស់បងប្អូនប្រជាពលរដ្ឋជាច្រើន ក៏ដូចជាកម្មវិធីផ្សេងៗ ក្នុងអំឡុងពេលនៃការរីករាលដាលវីរុស កូវីដ-១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ ភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌល សម្រាប់ជួលរៀបចំ កម្មវិធីទាំងអស់ ក្នុងរាជធានីភ្នំពេញ កុំកាត់លុយ ឬយកលេសទាមទារសំណង នៃការខាតបង់ពីម្ចាស់កម្មវិធី ដែលបានកក់ប្រាក់រួចហើយ ។

យោងតាមសេចក្តី អំពាវនាវ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា “ក្នុងរយៈពេលកន្លងមក មានបងប្អូនប្រជាពលរដ្ឋ មួយចំនួន ដែលគ្រោងរៀបចំពិធីជប់លៀង មង្គលការ ពិធីបុណ្យ និងកម្មវិធីជួបជុំផ្សេងៗ បានសម្រេចលើកពេល ឬរំសាយកម្មវិធីវិញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ស្របតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា” ។

សេចក្តីអំពាវនាវ បន្តថា “ដើម្បីជាការលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់កម្មវិធី រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ឯកឧត្តម-លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ជាម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ ភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌលសម្រាប់ ជួលរៀបចំកម្មវិធីទាំងអស់ ក្នុងរាជធានីភ្នំពេញ សូមមេត្តកុំកាត់លុយ ឬយកលេសទាមទារសំណង នៃការខាតបង់ពីម្ចាស់កម្មវិធីដែលបានកក់ប្រាក់ និងចៀសវាង ការយកឱកាសនេះ ដើម្បីកេងចំណេញពីប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្ត ចូលរួមក្នុងការបង្ការ និងទប់ស្កាត់ កាលរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេសកម្ពុជា”៕

To Top