Covid-19

ជំនួយសម្ភារៈ និងអ្នកជំនាញការ របស់ចិន សម្រាប់ប្រយុទ្ធប្រឆាំង កូវីដ មកដល់កម្ពុជា បង្ហាញពីចំណងមិត្តភាព កាន់តែរឹងមាំ ដូចដែកថែប និងដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ

ថ្មីៗនេះ ប្រទេសកម្ពុជា បានទទួលរងនូវការរីករាលដាលកូវីដ១៩ ដែលរហូតមកដល់ពេលនេះ យោងតាមសេចក្តីរាយការណ៍ របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា មានចំនួន៨៧នាក់ ក្នុងនោះភាគច្រើន ជាជនបរទេស។ ក៏ប៉ុន្តែក្រសួងក៏បានបង្ហាញអោយឃើញថា ចំនួនអ្នកផ្ទុកក៏បានជាសះស្បើយ ចំនួន២នាក់ហើយ ក្នុងនោះមានជនជាតិចិន មកពីទីក្រុងវូហាន និងជន ជាតិអង់គ្លេសម្នាក់ ដែលធ្វើដំណើរទេសចរ ចូលមកពីប្រទេសវៀតណាម ។

បើទោះបីជានៅពេលនេះ ពុំមានសេចក្តីរាយការណ៍ថា អ្នកផ្ទុកកូវីដនេះ ស្លាប់នៅឡើយទេ ។ ចំណុចនេះ បង្ហាញអោយឃើញថា ក្រុមគ្រូពេទ្យរបស់កម្ពុជា បានខិតខំព្យាបាល ឱ្យជាសះស្បើយ។ ប៉ុន្តែអ្វីដែលសំខាន់នោះ កម្ពុជាទទួលបាន នូវជំនួយពីប្រទេសចិន ប្រជាមានិតុ ដែលមានជំនួយជាម៉ាស់ ជាសម្ភារៈ និងជំនាញការពេទ្យ មកដល់ប្រទេសកម្ពុជា នៅថ្ងៃអង្គារ៍ ទី២៣ ខែមីនា ឆ្នាំ២០២០ ដែលជំនួយទាំងអស់នេះ បង្ហាញអោយឃើញអំពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា ចិន ជាពិសេសប្រទេសកម្ពុជា នៅក្នុងក្របខណ្ឌអាស៊ាន និងមេគង្គឡាន ឆាងផងដែរ ។

ជំនួយទាន់ពេលវេលា ដែលរៀបរាប់ខាងលើ ជាការអង្រួនចិត្ត និងបេះដូង របស់ប្រជាជនខ្មែរ ដែលកំពុងតែត្រូវការចាំបាច់ ។ តាមរយៈជំនួយនេះ ធ្វើអោយប្រជាជនកម្ពុជា និងប្រជាជនចិន កាន់តែខិតចូលគ្នាបន្ថែមទៀត ជាពិសេសបង្ហាញអោយឃើញថា ទុក្ខលំបាករបស់ប្រជាជនទាំងពីរ ត្រូវបានរដ្ឋាភិបាលនិងមេដឹកនាំទាំងពីរ តែងតែយកចិត្តទុកដាក់ ។

ជាការពិតកន្លងមក បង្ហាញអោយឃើញថា កម្ពុជា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ទីក្រុងប៉េកាំង ក្នុងពេលដែលចិន កំពុងតែញុំាញី ដោយមេរោគ កូវីដ នៅវូហាន ហើយដែលពិភពលោក មានការខ្លាចរអែងចំពោះចិននោះ កម្ពុជា បង្ហាញពីការគំាទ្រចិនឥតងាករេ ឥឡូវនេះកម្ពុជា បានទទួលនូវមនុញ្ញផលពីប្រទេសចិន តាមរយៈនៃជំនួយរបស់ចិន ជំហានទី១ ហើយខណៈដែលកម្ពុជា មានអ្នកផ្ទុកចំនួន៨៧នាក់ ។

ខ្ញុំរំពឹងប្រកបដោយភាពជឿជាក់យ៉ាងមុតមាំថា ជំនួយរបស់ចិនជាច្រើនទៀត នឹងត្រូវបញ្ជូនមកដល់ប្រទេសកម្ពុជា ។ អ្វីដែលសំខាន់ និងពិតជាមិនខុសបំណងឡើយ នៅពេលដែលកម្ពុជា មានទំនាក់ទំនងល្អជាមួយចិន ហើយចិនបានយក ចិត្តទុកដាក់ជាមួយកម្ពុជា។

ជាការពិតហើយ មិនអាចកែខៃ ភាពជួយយកអាសារគ្នា ក្នុងគ្រាលំបាក ប្រទេសចិន ពិតជាមិនស្ទាក់ស្ទើរ ដោយ បញ្ជូនជំនួយជាបន្តបន្ទាប់ ទៅកាន់ប្រទេសអ៊ីតាលី និងបណ្តាប្រទេសផ្សេងៗទៀត ដូចជាប្រទេសបារាំង ប៉ុន្តែក្នុងក្របខណ្ឌអាស៊ាន កម្ពុជា បានទទួលជំនួយពីប្រទេសចិនមុនគេ ដែលជាការបញ្ជាក់អោយឃើញថា មិត្តភាពកម្ពុជា ចិន ពិតជាមានសារសំខាន់ ដូចអ្វីដែលមេដឹកនាំទំាងពីរ បានប្តូរផ្តាច់ រួមសុខរួមទុក្ខជាមួយគ្នា គ្រប់កាលៈទេសៈ ក្នុងនាមមិត្តជិតខាងល្អ មិត្តភក្រ្តល្អ និងបងប្អូនល្អ។

ការចូលរួម វិភាគទានរបស់ចិន ទាន់ពេលវេលា ចំពោះការប្រយុទ្ធប្រឆាំង និងមេរោគ កូវីដ ១៩ នៅប្រទេសកម្ពុជានេះ។ ខ្ញុំ ពិតជាមានមោទកភាព និងរីករាយបំផុត ហើយ រំពឹងថា ប្រជាជនកម្ពុជា មានភាពកក់ក្តៅ។ ហើយតាមរយៈការប្រកៀកស្មាប្រយុទ្ធរួមគ្នានេះ នាពេលអនាគតដ៏ខ្លី កូវីដ១៩ នឹងត្រូវវិនាសសន្តិ ចេញពីកម្ពុជា ដូចនៅវូហាន ខេត្តហឺប៊ី ប្រទេសចិន ដូច្នោះដែរ ។

ជាការពិតណាស់ ជំនួយសម្រាប់ ប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា (កូវីដ-១៩) របស់ចិនមកកាន់កម្ពុជា គឺជានិមិត្តរូបមួយ នៅក្នុងចំណោមប្រទេសអាស៊ាន ហើយពិតជាមានសារៈសំខាន់ណាស់ ។ ពិតមែនតែ យើងរំពឹងថា ប្រទេសផ្សេងទៀត នៅក្នុងសមាជិកអាស៊ាន នឹងទទួលបាននូវជំនួយពីប្រទេសចិន ជាពិសេស ប្រទេសក្បែរខាងរបស់យើង ប្រទេសថៃឡងដ៏ ក៏ដូចជាប្រទេសវៀតណាម ផងដែរ ដែលទទួល បញ្ហាកូរ៉ូណានេះ ហើយក្នុងនោះប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ីផងដែរ ។

វាមិនត្រឹមតែបង្ហាញឲ្យឃើញ កិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជាចិន ក្នុងក្របខណ្ឌទ្វេភាគី ឬក៏មេគង្គ ឡាងឆាងទេ ក៏វាបង្ហាញអំពី ការពង្រឹង អាស៊ានចិន ផងដែរ ។

កិច្ចសហប្រតិបត្តិការរវាង អាស៊ានកម្ពុជា ចិន ដែលស្តែងឡើងនៅពេលនេះ ពិតជាមានសារៈសំខាន់ ហើយរំពឹងថា ក្នុងក្របខណ្ឌអាស៊ាន ព្រោះថ្មីនេះៗ រដ្ឋាភិបាលកម្ពុជា បានមានគំនិតផ្តួចផ្តើម អោយមានកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានចិន ទៅលើការប្រយុទ្ធប្រឆាំ វីរុសកូរ៉ូណា ហើយក៏បានលើកទឹកចិត្ត អោយមានគំនិតផ្តួចផ្តើម មេដឹកនាំអាស៊ានដែរ ។ ដូច្នេះជំនួយរបស់ចិន នៅពេលនេះ ជាការឆ្លើយតប ទៅនឹងការផ្តួចផ្តើម អោយមានការប្រយុទ្ធប្រឆាំរួមគ្នា ក្នុងក្របខណ្ឌអាស៊ានចិន ដែលបានធ្វើនៅប្រទេសឡាវ កាលពីពេលថ្មីៗនេះ ។

បន្ទាប់ទៅទៀត អាចនឹងឈានទៅដល់ កម្រិតកំពូល នៃកិច្ចប្រជុំកំពូល អាស៊ាន និងប្រមុខដឹកនាំអាស៊ាន និងចិន ហើយពេលនោះទំហំនៃការជួយនឹងមានកាន់តែច្រើនឡើង ពិតមែនតែនៅពេលនេះ ប្រទេសវៀតណាម ម្ចាស់ផ្ទះអាស៊ាន បានពន្យាលពេល រហូតដល់ខែមិថុនា ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្នុងកម្រិត ជំនួយរបស់ចិន មកកាន់តំបន់អាស៊ានទាំងមូល គឺពិតជាបង្ហាញអោយឃើញ ពីភាពរឹងមាំខ្លាំងថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ រវាងអាស៊ាន និងចិន ។

ជាចុងក្រោយ ខ្ញុំមានទស្សនៈមួយ យល់ឃើញថា មិត្តចិនគឺជាមិត្តមួយ ដែលពិតជាវិសេសវិសាល ហួសការពិពណ៌នាថ្លាថ្លែង ដែលបានមកជួយយើងទាន់ពេលវេលា។ ហើយដែលជាការខិតខំប្រឹងប្រែង បន្ទាប់ពីជំនួយកូវីដ នេះចប់ទៅ ជំនួយផ្សេងៗទៀត សម្រាប់ការអភិវឌ្ឍ រឺពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ នឹងបន្តកើនឡើងជាបន្តបន្ទាប់ទៀត ជាពិសេសគឺក្រោយពីអ្វីៗ បានបញ្ចប់ កូវីដនេះ បានបង្រ្កាប អស់ហើយ ចំនួនអ្នកទេសចរចិន អ្នកវិនិយោគចិន នឹងមកកាន់ប្រទេសកម្ពុជា ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អោយខ្លាំងលើសដើម ។

យើងរំពឹងថា ចំណងមិត្តភាពដែកថែប និងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាង កម្ពុជា ចិន ទាំងក្នុងក្របខណ្ឌទ្វេភាគី, អាស៊ាន ក៏ដូចជាមេគង្គឡាន ឆាង ត្រូវបានលើកកម្ពស់ថែមទៀតជាមិនខាន ។

សូមអោយចំណងមិត្តភាព កម្ពុជាចិន ដែលបានពូនជ្រុំ តាំងសម័យសម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ និងមេដឹកនាំចិន ជំនាន់មុន ហើយរហូតព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្ន និងមេដឹកនាំបច្ចុប្បន្ននេះ នឹងបន្ត ពង្រឹងពង្រីកទ្វេរដងថែមទៀត ។ យើងត្រូវតែរួមគ្នា ប្រឆាំងគ្រប់ឧបសគ្គទាំងអស់ ដែលយាយីនៅក្នុងទំនាក់ទំនងនៅប្រទេសរបស់យើង ជាពិសេសកូវីដនេះ នឹងត្រូវវិនាសក្នុងពេលឆាប់ៗនេះ។ សូមជូនពរ មិត្តភាពរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ ស្ថិតស្ថេរជាអមតៈតរៀងទៅ៕

ដោយៈ សយ សុភាព
អតីតសហប្រធាន និងជាសមាជិកគណៈកម្មាធិការនាយក
សមាគមអ្នកសារព័ត៌មាន កម្ពុជា (សសកច-CCJA)

To Top