ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដី ព្រាងច្បាប់សំខាន់ៗចំនួន ៣ ។ កិច្ចប្រជុំនេះមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១០៧រូប ។
អង្គប្រជុំរដ្ឋសភា បានអនុម័តសមាសភាពលេខាធិការចំនួន ៣រូប សម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលមាន៖ លោក យឹម លាត លោកស្រី គង់ សាឡន និងលោកស្រី កុល ធារិន។
សេចក្ដីព្រាងច្បាប់ចំនួន ៣ ដែលលើយកមកពិនិត្យ និងអនុម័តរួមមាន៖
១- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់ រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុង។
២- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើការធានាទូទាត់របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោង វិនិយោគ សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត់ ខេត្តឧត្តរ មានជ័យ។
៣- សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោង វិនិយោគ សាងសង់ខ្សែបណ្តាញបញ្ជូន អគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោង ចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត ៕