Covid-19

កម្មករនិយោជិត ដែលរងផលប៉ះពាល់ពី ការព្យួរការងារទទូចដល់រាជរដ្ឋាភិបាល ជួយអន្តរាគមន៍ឲ្យធនាគារ និងមីក្រូហិរញ្ញវត្ថុពន្យារការ សងបំណុល

ភ្នំពេញ៖ ប្រធានសហភាព ចលនាកម្មករកម្ពុជា (CCW) និងជាប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ (CUMW) លោក ប៉ាវ ស៊ីណា បានលើកឡើងថាបច្ចុប្បន្នមានរោងចក្រជាង ៥០ បានព្យួរការងារ ហើយប៉ះពាល់ ដល់ជីវៈភាពកម្មករប្រមាណជិត ៣ មុឺននាក់រហូតមកដល់ម៉ោង នេះនៅមិនទាន់ឃើញ ធនាគារជាតិ ជួយអន្តរាគមន៍ ឲ្យធនាគារឯកជននិងមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា អនុគ្រោះដល់កម្មករនិយោជិតនិងអ្នកប្រកបមុខរបរពាក់ព័ន្ធក្នុងការពន្យាពេលបង់ប្រាក់ដើមនិងការប្រាក់មួយរយៈក្នុងកំឡុងព្យួរការងារ នៅឡើយទេ ។ 

លោក ប៉ាវ ស៊ីណាបានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី២៦មីនានេះថា”យើងបានដឹងឭទាំងអស់គ្នាហើយថា កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលពីការព្យួរការងារតែ ៤០ភាគរយ ស្មើនិង ៧៦ ដុល្លារ តែប៉ុណ្ណោះ ។ ដោយសារស្ថានភាពរីករាលដាលនៃជម្ងឺកូវីដ១៩ បានធ្វើអោយតម្លៃទំនិញគ្រប់មុខឡើងថ្លៃហួសពីការស្មាន ។ ចំនួនថវិកា ៧៦ដុល្លារនេះ វាពិតជាមានវិបាកណាស់ទៅហើយសម្រាប់ការចំណាយលើថ្លៃម្ហូបអាហារនិងផ្ទះជួល តើអោយបងប្អូនកម្មករនិយោជិតមានលទ្ធភាពឯណាទៅសងបំណុលធនាគារនោះ” ។

ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ (CUMW) ឲ្យដឹងបន្ថែមថាម្យ៉ាងទៀត ចំនួនតួលេខនៃការព្យួរការងារ និងមានការកើនឡើងជាបន្ទបន្ទាប់ទៀតខណៈដែលអ្នកបញ្ជាទិញមួយចំនួនបានអោយរោងចក្រផ្អាកបញ្ជូនទំនិញទៅកាន់ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដូច្នេះ ចំនួនកម្មករនិយោជិត ដែលរងផលប៉ះពាល់ គឺចំនួនកាន់តែច្រើន ។

លោក ប៉ាវ ស៊ីណា បញ្ជាក់ថា”ក្នុងនាមតំណាងកម្មករនិយោជិត ខ្ញុំសូមសំណូមពរ ដល់ប្រមុខរាជរដ្ឋាភិបាលម្ពុជា ជួយអន្តរាគមន៍ ចំពោះការស្នើសុំ អោយមានការយោគយល់ដល់បងប្អូនកម្មករនិយោជិត ក្នុងការពន្យាការសងបំណុលធនាគារ មួយរយៈក្នងគ្រាដ៏លំបាកនេះ”៕

To Top