ព័ត៌មានជាតិ

ក្រោយបញ្ចប់បេសកកម្ម អ្នកជំនាញវេជ្ជសាស្រ្តចិនទាំង៧រូប បានត្រឡប់ទៅកាន់ប្រទេសវិញហើយ

ភ្នំពេញ៖ ក្រោយបញ្ចប់បេសកកម្ម អ្នកជំនាញវេជ្ជសាស្រ្តចិនទាំង៧រូប ដែលជាក្រុមជំនួយដំបូង របស់ចិនចំពោះកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ​ បានវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ។ ក្នុង​ឱកាសនោះលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, និងលោកសាស្រ្តាចារ្យ អេង​ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជូនដំណើរត្រឡប់វិញនេះផងដែរ។

យោងតាមហ្វេសប៊ុកផ្លូវការ ស្ថានទូតចិន ប្រចាំកម្ពុជា​ នៅយប់ថ្ងៃទី៧នេះបានសរសេរថា​ ក្នុងដំណើរការជួយកម្ពុជា ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស COVID-19 លើកនេះ ប្រទេសទាំងពីរបានជួយ និងយកអាសាគ្នាទៅវិញទៅមក។
លោក Wang Wentian មានប្រសាសន៍ថា​ អ្នកជំនាញវេជ្ជសាស្រ្តចិនដែលបានទទួលភារកិច្ចជួយកម្ពុជានាពេលនេះ បានបំពេញភារកិច្ចយ៉ាងល្អឥតខ្ចោះ ដោយស្ថិតក្រោមទឹកចិត្តនៃមិត្តភាពប្រពៃណីរវាងប្រទេសចិន និងកម្ពុជា។ ពួកគាត់បានបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ មិនធ្វេសប្រហែសនឹងបេសកកម្ម។​ លោកទូតអះអាងថា​ ឲ្យតែជំងឺវីរុសមិនទាន់កម្ចាត់អស់ក្នុងប្រទេសកម្ពុជា ចិននៅតែមិនបញ្ឈប់ការផ្តល់ជំនួយវេជ្ជសាស្រ្តមកកម្ពុជានោះឡើយ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះផងដែរ លោក អេង​ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា​ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះការលះបង់ របស់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ដែលបានខិតខំកន្លងមក។ ភាគីចិនបានចាត់ក្រុមអ្នកជំនាញ ដែលជាក្រុមជំនួយមកកាន់កម្ពុជា បានយ៉ាងទាន់ពេលវេលា ព្រមទាំងបានចែករំលែកបទពិសោធន៍ ដ៏មានតម្លៃ ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ មកកាន់កម្ពុជា ដែលគ្រូពេទ្យចិន បានជួយកែលម្អប្រព័ន្ធ ទប់ស្កាត់នឹងជំងឺវីរុស បានផ្តល់យោបល់ ក្នុងការព្យាបាលជូនដល់ អ្នកដែលផ្ទុកជំងឺវីរុស រួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់នឹងជំងឺ។លោកអរគុណដល់មិត្តចិន ដែលបានឈរ ជាមួយគ្នាយ៉ាងមុតមាំ ក្នុងខណៈពេល ដែលជួបការលំបាក។

To Top
×