ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីកូវីដ១៩ តាមរយៈ Video Conference នៅថ្ងៃ៩ មេសា

ភ្នំពេញ៖ ស្របតាមគំនិតផ្តួចផ្តើម របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រធានអាស៊ាន ឆ្នាំ២០២០ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ ដោយមានការឯកភាពពី រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ដែលនឹងរៀបចំឡើង នៅទីស្តីការក្រសួងការបរទេស ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៨ មេសានេះ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ នឹងធ្វើការពិភាក្សាផ្លាស់ប្តូរ យោបល់អំពីវិធានការ ឆ្លើយតបរួមរបស់អាស៊ាន ចំពោះការផ្ទុះឡើងយ៉ាងឆាប់រហ័ស នៃកូវីដ-១៩ ក៏ដូចជា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូល អាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ ដែលគ្រោងនឹងរៀបចំឡើង នាពេលឆាប់ៗខាងមុខនេះ។

ផ្ទាំងពាណិជ្ជកម្ម

កិច្ចប្រជុំនេះ ជាជំហានមួយយ៉ាងសំខាន់ សម្រាប់សកម្មភាពរួមគ្នារបស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងវិបត្តិ សុខុមាលភាពពិភពលោក ដែលកំពុងគំរាមកំហែងដោយកូវីដ-១៩ និងដើម្បីពង្រឹងភាព ងមាំរបស់អាស៊ានផងដែរ ៕

To Top
×