Covid-19

គណៈសង្ឃនាយក ប្រកាសឲ្យចៅអធិការវត្ត ទូទាំងប្រទេសផ្អាករៀបចំបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ដើម្បីទប់ស្កាត់ ជំងឺកូវីដ១៩

ភ្នំពេញ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដល់ចៅអធិការវត្ត នៅទូទាំងប្រទេស ផ្អាករៀបចំ កម្មវិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នៅពេលខាងមុខ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩។

យោងតាមលិខិតថេរដីការ របស់គណៈសង្ឃនាយកចេញផ្សាយ នៅថ្ងៃទី៧ខែមេសា ឆ្នាំ២០២០បានលើកឡើងថា ដោយយោងតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងសន្នីសិទសារព័ត៌មានថ្ងៃទី៧ខែមេសា គណៈសង្ឃនាយកនៃព្រះរាជា ណាចក្រកម្ពុជា សូមប្រគេន ព្រះមេគុណ និងព្រះចៅអធិការ គ្រប់គ្រងវត្តទាំង២៥រាជធានី ខេត្តមេត្តាជម្រាបថាករណី ជំងឺកូវីដ១៩នៅតែជាបញ្ហាប្រឈម និងបង្កហារនិភ័យខ្ពស់បំផុត ដល់សុខភាពសាធារណៈ និងអាយុជីវិតមនុស្សជាតិ ទូទាំងសកល។ ដើម្បីជាការឆ្លើយតប ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រ ឆាំងជំងឺដ៏កាចសាហាវនេះគណៈសង្ឃនាយក សូមផ្អាកការប្រារព្ធ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៣ ដល់១៦ខែមសា ខាងមុខនេះ ដើម្បីចៀសវាងកុំមានការប្រមូលផ្តុំមនុស្សច្រើន ។

គណៈសង្ឃនាយក ក៏បានសូមប្រជាពុទ្ធបរិស័ទគ្រប់ រួមចម្រើនភាវនា ចំពោះសព្ទសត្វទាំងពួង បំពេញបុណ្យកុសល រក្សាសីលតាមប្រពៃណី ឲ្យបានជាប់ជានិច្ច និងរៀបចំគ្រឿង សក្ការបូជា មានទៀន ធូប ផ្កាភ្ញីថ្វាយព្រះរតនត្រ័យ និងនំចំណី ជាដើមគោរពជូនមាតាបិតា ត្រកូលរៀមច្បង ព្រមទាំងរៀចំទទួលស្វាគមន៍ទេវតាឆ្នាំថ្មីនៅគេហដ្ឋានរៀងខ្លួន តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។

សូមជម្រាបថា ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៧ខែមេសាសម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្អាក ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០នេះ និងមិនអនុញ្ញាតឲ្យ បុគ្គលិក មន្ត្រីរាជការបម្រើការងារ នៅតាមស្ថាប័នរដ្ឋ ឯកជនឈប់សម្រាក នោះទេ ។ ដោយសម្តេចប្រកាសថា នឹងសងថ្ងៃឈប់ សម្រាករយៈពេល៥ថ្ងៃ នៅពេលណាជំងឺកូវីដ១៩នេះ សាបរលាបសូន្យ ។

សម្តេចបន្តថា ការធ្វើបែបនេះ ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ នេះ ដែលបណ្តាប្រទេសមួយចំនួន ក៏បានមានវិធានការតឹងរឹង ក្នុងការទប់ស្កាត់ជំងឺ នេះផងដែរ៕

ដោយ៖ ស សំណាង

To Top